ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ៖ ចាប់ពីឆ្នាំ២០០២ មកដល់បច្ចុប្បន្នពលរដ្ឋខ្មែរនៅអាមេរិក ចំនួន ៨៣៣នាក់ បានបញ្ជូនត្រឡប់មកកម្ពុជាវិញ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០០២ មកដល់បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋខ្មែរដែលរស់នៅអាមេរិក ចំនួន ៨៣៣នាក់ បានបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីប្រព្រឹត្តបទល្មើសផ្សេងៗ ឬផុតកំណត់វិសាល។

ក្នុងសន្និសិទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពការងារ ប្រចាំឆមាសទី១ និងលើកទិសដៅបន្ដ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម» នាពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ឯក តុប នេត រំលឹកថា នាពេលកន្លងមក កម្ពុជា មានអនុស្សារណៈនៃការយោគយល់គ្នាជាមួយភាគីអាមេរិក ចំនួន២ ហើយក៏បាននិរាករណ៍អនុស្សារណៈចំនួនមួយដែល កាលពីឆ្នាំ២០០២ ដើម្បីទទួលពលរដ្ឋខ្មែរ ដែលត្រូវធ្វើមាតុភូមិនិវត្តន៍មកពីអាមេរិក ក្នុងនោះរួមមាន៖ អ្នករស់នៅខុសច្បាប់, អ្នករស់នៅផុតកំណត់វិសាល ឬក៏ប្រព្រឹត្តអំពើផ្សេងៗ ដូច្នេះ ភាគីអាមេរិក ចាត់បញ្ជូនពួកគាត់ត្រឡប់មកកម្ពុជាវិញ។

លោក អគ្គនាយក បន្ដថា នៅខែមេសា ឆ្នាំ២០២៤ រាជរដ្ឋាភិបាល ក៏បានសម្រេបង្កើតក្រុមការងារអន្ដរក្រសួងមួយ ដែលមានសមាភាពក្រសួងចំនួន៥ ចូលរួម ដើម្បីសម្របសម្រួលដឹកនាំការងារ ធ្វើមាតុភូមិនិវត្តន៍ របស់ពលរដ្ឋខ្មែរ មកពីអាមេរិកវិញ។

លោក អគ្គនាយក គូសបញ្ជាក់ថា «គិតចាប់ពីឆ្នាំ២០០២ មកទល់បច្ចុប្បន្ននេះ គឺយើងបានទទួលពលរដ្ឋខ្មែរចំនួន ៣០២លើក សរុបជាមនុស្សគឺ បានទទួលពលរដ្ឋខ្មែរពីអាមេរិក ចំនួន ៨៣៣នាក់»។

ជាមួយគ្នានេះដែរ លោក អគ្គនាយក បានឱ្យដឹងទៀត ក្នុងអាណត្តិទី៧នេះ ក៏ទទួលពលករខ្មែរបានចំនួន៤៨លើក គិតជាប្រជាពលរដ្ឋខ្មែរចំនួន ៥៥នាក់ ដែលត្រឡប់មកពីអាមរិកវិញ៕

To Top