ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់​ នៃសភាតំណាងប្រជាជនចិន ចាត់ទុកសម្តេចតេជោជាតួអង្គសំខាន់

ភ្នំពេញ ៖ លោក វ៉ាង ហ្សីមីន (Wang Zhimin) អនុប្រធានគណៈកម្មាធិការ កិច្ចការជនជាតិភាគតិច នៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិន បានចាត់ទុកសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គឺជាតួអង្គសំខាន់ បន្តពីសម្តេចព្រះបរមរតនកោដ្ឋ ដែលបានពូនជ្រុំទំនាក់ទំនងកម្ពុជា-ចិន កាន់តែស្អិតរមួតនាពេលបច្ចុប្បន្ន និងបន្តទៅអនាគត។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ក្រោយបញ្ចប់កិច្ចជំនួបជាមួយឯកឧត្តម វ៉ាង ហ្សីមីន នាថ្ងៃ១៦ កក្កដាថា ទំនាក់ទំនងមិត្តភាពជាដែកថែបរវាងកម្ពុជានិងចិន ដែលមានតម្លៃមិនអាចកាត់ថ្លៃបាននេះ គឺដោយសារសម្តេចតេជោហ៊ុន សែនជាមគ្គុទេសឯកក្នុងការផ្សារ ភ្ជាប់បន្ទាប់ពីអតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។

អ្នកនាំពាក្យប្រធានព្រឹទ្ធសភាបញ្ជាក់ថា “ឯកឧត្តមបានចាត់ទុក សម្តេចតេជោ គឺជាតួអង្គមួយដ៏សំខាន់ ដែលបន្តពីអតីតកាលព្រះបរមរតនកោដ្ឋ ក្នុងការពូនជ្រុំនៃទំនាក់ទំនងរវាងកម្ពុជានិងចិន ។ ឯកឧត្តមក៏បានរំលេចអំពីភាពជាដៃគូយុទ្ធសាស្រ្តសហគមន៍វាសនារួមគ្នារវាងកម្ពុជា-ចិនគ្រប់រដូវកាល និងយុគសម័យថ្មីដែលមកដល់ពេលនេះ ភាគីទាំងពីរបានពង្រីក នូវទំនាក់ទំនង ពោលគឺពាណិជ្ជកម្ម វិនិយោគជាដើម” ។

បើងាកមកផ្នែកពាណិជ្ជកម្ម រវាងកម្ពុជា-ចិន លោក វ៉ាង ហ្សីមីន សង្កត់ធ្ងន់ថា ចាប់តាំង ពីប្រទេសទាំងពីរ បានរួមសហការគ្នា នៅក្នុងសហគមន៍វាសនា រួមគ្នាមក គឺទំហំពាណិជ្ជកម្មកម្ពុជា-ចិន បានកើនឡើងជាលំដាប់រហូតទៅដល់ទ្វេគុណ ព្រមទាំងចំណងមិត្តភាព ជាមួយគ្នាលើវិស័យផ្សេងៗទៀត ក៏មានការរីកចម្រើន និងការផ្តល់តម្លៃគ្នាទៅវិញទៅមកផងដែរ។

ជាកិច្ចឆ្លើយតបចំពោះការកោតសរសើរ របស់ភាគីចិននេះ សម្តេចតេជោ បញ្ជាក់ថា ទំនាក់ទំនង មិត្តភាពជាដែក ថែបកម្ពុជា-ចិនគឺមានតម្លៃ មិនអាចកាត់ថ្លៃបាននោះទេ ទោះបីជាកម្ពុជាជាប្រទេសតួចមួយក៏ដោយ ប៉ុន្តែមិត្តចិនតែងតែបាន ផ្តល់តម្លៃជានិច្ចចំពោះកម្ពុជា៕

To Top