ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ៖ គំនិត ពេលវេលានិង​សុចរិតភាព ជាកត្តាគន្លឹះឈាន ទៅរកភាពជោគជ័យ

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តរំលឹកថា គំនិត ពេលវេលា និងសុចរិតភាព គឺជាកត្តាគន្លឹះឈាន ទៅរកភាពជោគជ័យ យូរអង្វែង ទាំងក្នុងជីវិតការងារ ទាំងក្នុងជីវិតបុគ្គលម្នាក់ៗ ។
នេះជាការលើកឡើង របស់លោករដ្ឋមន្រ្តី ក្នុងឱកាសចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រម តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៨៨៨នាក់ ។

ជាកិច្ចចាប់ផ្តើម សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំសុខាភិបាល គ្រប់ជាន់ថ្នាក់ឲ្យពង្រឹងសមត្ថភាពក្នុងការសម្រេចចិត្ត ព្រោះអ្នកដឹកនាំត្រូវសម្រេចិត្ត រាល់ពេល និងត្រូវសម្រេចចិត្ត ឲ្យត្រូវ និងទាន់សភាពការណ៍ ។ សាស្រ្តចារ្យរដ្ឋមន្រ្តី បានពន្យល់បកស្រាយលំអិត ពីចំណុចទាក់ទងនឹងចក្ខុវិស័យ ដែលអ្នកដឹកនាំត្រូវមានសម្រាប់ផ្តល់ដល់ក្រុមការងារ ក្នុងចំណោមចំណុចសំខាន់ៗទាំងបី រួមមាន ៖ (១) ចក្ខុវិស័យ , (២)យុទ្ធសាស្រ្ត និង(៣)មធ្យោបាយសម្រាប់អនុវត្ត យុទ្ធសាស្រ្តឲ្យបានជោគជ័យ។

សាស្រ្តាចារ្យរដ្ឋមន្រ្តីបន្តថា អ្នកដឹកនាំពិតប្រាកដ ខុសពីអ្នកដឹកនាំសាមញ្ញ ត្រង់ថា អ្នកដឹកនាំពិតប្រាកដមានសមត្ថភាពផ្តល់ចក្ខុវិស័យ ដែលជាការប្រមើមើល ទៅអនាគតបានវែងឆ្ងាយ ដូចជាក្នុង២០ឆ្នាំខាងមុខ ដល់អ្នកក្រោមបង្គាប់ និងអ្នកជុំវិញខ្លួន ដើម្បីឲ្យមានការឯកភាព ជាធ្លុងមួយក្នុងការសម្រេចចក្ខុវិស័យនោះ។ ចក្ខុវិស័យ គឺជាគោលដៅរួមមួយ ដែលកើតចេញពីការផ្គុំឡើង ពីគោលការណ៍ និងគុណតម្លៃច្បាស់លាស់។ ចក្ខុវិស័យកាន់តែច្បាស់ លទ្ធភាពក្នុងការ ទទួលជោគជ័យក៏កាន់តែច្រើន ៕

To Top