ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា-កូរ៉េ នៅមានសក្ដានុពលជាច្រើនទៀត ត្រូវពង្រីកបន្ថែម

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងកូរ៉េ នៅមានសក្ដានុពលជាច្រើនដែលត្រូវពង្រីកបន្ថែម ហើយ សម្តេច មានសុទិដ្ឋិនិយមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ នឹងត្រូវបានបន្តពូនជ្រំឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។

ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ ឯកឧត្តម ផាក ជុងវុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ, លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យ៖ ពាណិជ្ជកម្ម, ធុរកិច្ច និង វិនិយោគ និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ ដល់បេសកកម្មរបស់ឯកឧត្តមឱ្យទទួលបានជោគជ័យ។ លោក បានបញ្ជាក់ថា «រដ្ឋាភិបាលកូរ៉េនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន រឹងមាំបន្ថែមទៀត»។

ជាការឆ្លើយតប, សម្ដេចបវរធិបតី សម្ដេចបវរធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរបស់ឯកឧត្តម ដែលបានខិតខំប្រឹងប្រែងរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើនរឹងមាំថែមទៀត។

សម្ដេចបវរធិបតី ក៏បានរំឭកពីលទ្ធផលផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចទៅកាន់សាធារណរដ្ឋកូរ៉េកាលពីឆ្នាំ២០២៤ កន្លងទៅ ដែលតាមរយៈដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរបានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន៕

To Top