ភ្នំពេញ៖ អាជ្ញាធរកម្ពុជា បានបណ្តេញជនជាតិវៀតណាមចំនួន ៤៥នាក់ ចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធករណីលួចឆ្លងដែនខុសច្បាប់ អត់ប្រថាប់ត្រា លួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។

យោងតាមគេហទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ការបណ្ដេញជនជាតិវៀតណាមនេះ ធ្វើឡើងតាមអនុសាសន៍ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៤៥នាក់ (ស្រី១០នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីលួចឆ្លងដែនខុសច្បាប់ អត់ប្រថាប់ត្រា លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។

ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕
