ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នារាត្រីថ្ងៃ១៦ កក្កដានេះបានបញ្ជាក់បែបន័យទះកំភ្លៀងតាមពាក្យសំដីទៅកាន់នាយករដ្ឋមន្រ្តីស្តីទីថៃ លោក ភូមិថាំ វៈយៈឆៈឆៃថា ជាអ្នកមានចំណែកទទួលខុសត្រូវចំពោះការសុំឱវាទ យោបល់ ឬចរចាពីសម្តេចតាមរយៈបណ្តាញទូរស័ព្ទរវាងសម្តេចនិងអតីតនាយករដ្ឋមន្រ្តី លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា ។
នេះជាប្រសាសន៍របស់សម្តេចតេជោ បន្ថែមពីលើខ្លឹមសាររបស់លោកឃ្លាំង ហួត ទីប្រឹក្សាសម្តេច ឆ្លើយតបទៅនាយករដ្ឋមន្រ្តីស្តីទីថៃ និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលបានវាយប្រហារចំពោះមកលើសម្តេចថា “អត់មានតម្លៃសម្រាប់ការចរចា”។
តាមរយៈសំណេរសម្តេចតេជោ លើកឡើងថា “ខ្ញុំក៏ចង់បញ្ជាក់បែបទះកំភ្លៀងចំពោះបុគ្គលរូបនេះថា បើ ហ៊ុន សែន អត់មានតម្លៃសម្រាប់ការចរចា ហេតុអ្វីលោកត្រូវអមដំណើរអតីតនាយករដ្ឋមន្ត្រីដែលកំពុងព្យួរតំណែងមកចាំទូរស័ព្ទជួបខ្ញុំនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមិនមានការណាត់ជាមុន?”។
សម្តេចបន្តថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ពួកលោកចាត់ទុកសម្តេច ជាមនុស្សមានតម្លៃដែលអស់លោកយល់ថា ត្រូវសុំឱវាទ ឬសុំយោបល់ ឬសុំចរចា តែដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកបែរជានិយាយថាសម្តេចមិនមានតម្លៃក្នុងការចរចា។ តើលោកលេបថ្នាំខុសទេដឹង ទើបធ្វើឲ្យលោកបាត់ការចងចាំបែបនេះ?។
សម្តេចតេជោបន្ថែមថា សម្រាប់តួនាទីក្នុងតំណែងគ្រប់គ្រងរដ្ឋ សម្តេចស្គាល់ច្បាស់ណាស់ ព្រោះសម្តេចដឹកនាំនីតិប្រតិបត្តិតាំងពីលោកនៅជាកងទ័ពថៃក្រហម (កុម្មុយនីស្តថៃ) មិនទាន់ចេញពីព្រៃមកម្ល៉េះ និងឆ្លងកាត់ នាយករដ្ឋមន្ត្រីថៃជាង១០នាក់។ ការចរចាពិតត្រូវធ្វើដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនមែនជាមួយប្រធានព្រឹទ្ធសភានោះឡើយ។
សម្តេចប្រធានព្រឹទ្ធបានចោទជាសំណួរថា កាលពីមុនក៏ដូចជាថ្ងៃនេះលោកតែងប្រាប់ជនជាតិថៃថា កុំឲ្យស្តាប់ សម្តេចពេក តើលោកខ្លាចបណ្តាញសង្គមដែលដែលសម្តេចបង្ហោះសារចេញមែនទេ?។
សម្តេចតេជោបញ្ជាក់ថា “ខ្ញុំមិនចង់ឆ្លើយតបជាមួយមនុស្សព្រហើនដូចលោកទេ តែខ្ញុំមានការចាំបាច់បញ្ជូនសារទៅប្រាប់ប្រជាជនថៃថា នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃសព្វថ្ងៃនេះមាន ចំណែកទទួលខុសត្រូវលើការសុំឱវាទ ឬយោបល់ ឬចរចាតាមទូរស័ព្ទនាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ជាមួយលោកស្រី អ៊ុង អុីន កន្លងមក”។
បែបន័យចំអកសម្តេចក៏បានជូនពរលោក ភូមិថាំ វៈយៈឆៈឆៃថា ខំប្រឹងតោងកៅអីនាយករដ្ឋមន្ត្រីស្តីទីឲ្យបានយូរបន្តិចទៅ៕

