កំពង់ស្ពឺ: សមត្ថកិច្ចបង្ក្រាបការឆបោក តាមប្រព័ន្ធបចេ្ចកវិទ្យា Online Scams នៅស្រុកគងពិសី រកឃើញជនជាតិបរទេស ដែលភាគច្រើនជាជនជាតិចិន សរុបចំនួន ៦៣នាក់ ក្នុងប្រតិបត្តិការបង្រ្កាបការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានារាត្រី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ។

គណៈបញ្ជាការឯកភាព ខេត្តកំពង់ស្ពឺ ដោយសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត បានចុះបង្រ្កាបទីតាំង សង្ស័យថាមានការលួចលាក់បង្កប់បទល្មើស Online Scams នៅទីតាំងផ្ទះសំណាក់១កន្លែង ដែលមានអគារចំនួន៩ ក្នុងភូមិសាស្ត្រឃុំរកាកោះ ស្រុកគងពិសី ដោយបានរកឃើញជនជាតិបរទេស ដែលភាគច្រើនជាជនជាតិចិន សរុបចំនួន ៦៣នាក់ ក្នុងនោះមានស្ត្រី ចំនួន ៤នាក់ ។

សមត្ថកិច្ចក៏បាន ប្រមូលសម្ភារៈជាវត្ថុតាងរួមមានកំព្យូទ័រ, ទូរស័ព្ទ និងឧបករណ៍ សម្រាប់បម្រើឱ្យការធ្វើសកម្មភាព ឆបោកតាមអនឡាញ មួយចំនួនទៀតផងដែរ ។ បច្ចុប្បន្ន ជនដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តនីតិវិធី ខណៈសមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ៕
ដោយ:សុខ សុភ័ណ្ឌ រូបថតសមត្ថកិច្ច
