ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើង អំពីគំនិតផ្តូចផ្តើម របស់រាជរដ្ឋាភិបាល ក្នុងការបង្កើតឱ្យមាននូវសួនឧស្សាហម្ម បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ដើម្បីជំរុញបរិយាកាស វិនិយោគនៅកម្ពុជា។

ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអនុញ្ញាត ជូនគណៈប្រតិភូក្រុមហ៊ុន HUAWEI Cambodia Co., LTD. ដឹកនាំដោយ លោក TAO Guangyao ប្រធានក្រុមហ៊ុន HUAWEI ប្រចាំពហុប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជា នាយកប្រតិបត្តិក្រុមហ៊ុន HUAWEI Cambodia Co., LTD. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ។

នាឱកាសនោះដែរ លោក TAO ក្នុងនាមក្រុមហ៊ុន Huawei បានសម្តែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅដល់ ក.អ.ក. ចំពោះការគាំទ្រកន្លងមក ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញបរិយាកាស អំណោយផលសម្រាប់ការ រីកលូតលាស់របស់ក្រុមហ៊ុន Huawei នៅក្នុងព្រះរាជាណាចក្រកម្ពុជាផ្ទាល់។

បន្ថែមពីនេះ លោកនាយកប្រតិបត្តិ បានជម្រាបជូនអំពីរបាយការណ៍ សង្ខេបជុំវិញវឌ្ឍនភាពរបស់ Huawei Group និង Huawei Cambodia ដោយផ្តោត លើលទ្ធផលការងារឆ្នាំ ២០២៤ និងបច្ចុប្បន្នភាពនៃស្ថានភាព អាជីវកម្មរបស់ក្រុមហ៊ុនខ្លួន។
ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីគំនិតផ្តូចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការបង្កើតឱ្យមាននូវសួនឧស្សាហម្ម បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមក្នុងការ ជំរុញបរិយាកាសវិនិយោគនៅកម្ពុជា ពាក់ព័ន្ធនឹង ឧស្សាហកម្មឌីជីថល និងបច្ចេកវិទ្យាទំនើបជាន់ខ្ពស់ ឱ្យកាន់តែមានភាពរស់រវើក។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី និង លោកនាយកប្រតិបត្តិក្រុមហ៊ុន HUAWEI Cambodia ក៏បានធ្វើការពិភាក្សា ជុំវិញការចាប់យកឌីជីថលូបនីយកម្ម ក្នុងការធ្វើបរមភាវូបនីយកម្មដំណើរប្រតិបត្តិការនៅក្នុងស្ថាប័នរដ្ឋ និងផ្នែកឯកជន សំដៅជំរុញនវានុវត្តន៍ឌីជីថល នៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន ប្រកបប្រសិទ្ធភាពនិង ស័ក្តិសិទ្ធភាពខ្ពស់ ដើម្បីជាការចូលរួមបង្កើនល្បឿន ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ឱ្យស្របទៅតាមយុទ្ធសាស្រ្ត បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដោយផ្ដោតលើអាទិភាព គន្លឹះចំណុចទី១ និងទី៥ គឺមនុស្ស និងបច្ចេកវិទ្យា ក៏ដូចជា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ផងដែរ៕
