ព័ត៌មានជាតិ

សម្តេចតេជោ ជាមេដឹកនាំគំរូ ក្នុងតំបន់-ពិភពលោក ដាក់ចេញ នយោបាយ ឈ្នះឈ្នះ បញ្ចប់សង្គ្រាម

ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា គឺជាមេដឹកនាំ ដែលមានវីរៈភាពគំរូទាំងនៅថ្នាក់តំបន់ និងពិភពលោក ដែលបានដាក់ចេញគោល នយោបាយឈ្នះឈ្នះ ដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេស ។

ការលើកឡើង របស់លោកប៉ែន បូណានេះ ឆ្លើយតបលោក ភូមិថាំ វៈយៈឆៈឆៃ នាយករដ្ឋមន្រ្តីស្តីទីថៃ បន្ទាប់ពីលោក និយាយ បែបគឃ្លើនគ្មានទិសតំបន់វាយប្រហារ មកលើសម្តេចតេជោ កាលពីថ្ងៃ១៦ កក្កដាដោយប្រើពាក្យសំដីមិនសមរម្យថា “អត់មានតម្លៃសម្រាប់ការចរចា” ។

លោកប៉ែន បូណា បានមានប្រសាសន៍ថា ដោយសារគោលនយោបាយឈ្នះឈ្នះនេះហើយបានធ្វើឲ្យបញ្ចប់សង្គ្រាមស៊ីវិលដែលបានអូសបន្លាយជាង៣០ឆ្នាំ។

ប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលបន្តថា ដោយសារចំណុចខ្លាំងនេះ ហើយបានធ្វើឲ្យសម្តេចតេជោ ក្លាយជាមនុស្ស មានឥទ្ធិពលខ្លាំង ។ ការមានឥទ្ធិពលនេះ មិនត្រឹមតែទទួល បានការគោរពស្រឡាញ់ និងផ្តល់តម្លៃពីសំណាក់មនុស្ស គ្រប់មជ្ឈដ្ឋាន នៅកម្ពុជានោះទេ ប៉ុន្តែសម្តេច គឺជាថ្នាក់ដឹកនាំទទួល បានការគោរពស្រឡាញ់ និងផ្តល់តម្លៃពី គ្រប់មជ្ឈដ្ឋាន នៅទូទាំងតំបន់និង លើឆាកអន្តរជាតិ តាមរយៈវីរៈភាពរបស់សម្តេច ដែលបានយកជីវិត ផ្ទាល់ខ្លួនធ្វើជាដើមទុន រំដោះប្រទេសចេញពីភ្នក់ភ្លើងសង្គ្រាមកាលពីសម័យរបបខ្មែរក្រហម ។

ប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ថា “សម្តេចតេជោហ៊ុន សែន បានស្តារ និងកសាងប្រទេសកម្ពុជា ឲ្យស្គាល់ការរីកចម្រើនដូចសព្វថ្ងៃ ។ ចំណុចពិសេសមួយទៀត ដែលសម្តេចតេជោ ហ៊ុន សែន មានចំពោះជាតិនិង ប្រជាជនកម្ពុជា និងជាគំរូក្នុងថ្នាក់តំបន់ ក៏ដូចជាថ្នាក់ពិភពលោក គឺការដាក់ចេញនយោបាយឈ្នះឈ្នះ ដែលអាចបញ្ចប់សង្គ្រាមទាំងស្រុង នូវសង្គ្រាមស៊ីវិល ដែលអូសបន្លាយ ជាង៣ទស្សវត្ស និងទទួលបានសុខសន្តិភាព ពេញលេញ” ។

លោកបន្តទៀតថា សម្តេចតេជោក៏ជាមេដឹកនាំដែលបានថែរក្សាសុខសន្តិភាពបានយូរអង្វែងមិនឲ្យបាត់បង់ឡើយ ។ ក្នុងនោះស្នាដៃកសាងប្រទេសជាតិ របស់សម្តេចតេជោ បានធ្វើឲ្យជាតិ ស្គាល់តែការរីកចម្រើន លើគ្រប់វិស័យដែល មិនធ្លាប់មាន ក្នុងប្រវត្តិសាស្រ្ត ក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយនេះ ។ ចំណុចនេះហើយគឺ មានតម្លៃខ្ពង់ខ្ពស់បំផុត មិនអាចកាត់ថ្លៃបានឡើយ ចំពោះការកសាងជាតិ និងផ្តល់សេចក្តីសុខដល់ពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈដោយគ្មាន អ្នកណាមកបំភាន់ និងកាឡៃបានទេ ៕

To Top