កំពង់ចាម ៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារ សមាគមអតីតយុទ្ធជន កម្ពុជា ខេត្តកំពង់ចាម និងប្រារព្ធទិវា អតីតយុទ្ធជន ២១ មិថុនា
ខួបលើកទី១៨ ។ ពិធីនេះប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម បានលើកឡើងថា ដោយមើលឃើញពីការលំបាក របស់បងប្អូនអតីតយុទ្ធជន ដែលកន្លងទៅបងប្អូនអតីតយុទ្ធជន ពិតជាមានការលំបាកមក ទំនាក់ទំនងការងារ ឬ ស្វែងរកការគាំពារ ពីសមាគម ដោយសារសមាគម ពុំមានទីកន្លែងធ្វើការ ច្បាស់លាស់ ជាមួយគ្នានេះដើម្បីបង្កលក្ខណៈជូនដល់មន្ត្រីបម្រើការងារនៅក្នុងសមាគម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគម និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ លោកសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានផ្តល់អគារស្នាក់ការសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម ចំនួន ១ខ្នង មួយជាន់ផ្ទាល់ដី មានទំហំ ២៨ម៉ែត្រ គុណ ២៣,៥ម៉ែត្រ មានសាលប្រជុំធំ ចំនួន ០១បន្ទប់, បន្ទប់រងចាំ ចំនួន ០១បន្ទប់ បន្ទប់ការិយាល័យធ្វើការ ចំនួន ៤បន្ទប់ និងបន្ទប់ដាក់សម្ភារៈ ចំនួន ០១បន្ទប់ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ចំណាយរយៈពេលសាងសង់អស់ ១៤ខែ ដោយចំណាយទឹកប្រាក់សរុបចំនួន ១២ម៉ឺនដុល្លា ដោយបានសាងសង់លើដីទំហំ ៥០ម៉ែត្រ គុណ ២៨ម៉ែត្រ ស្ថិតនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

ក្នុងឱកាសនោះដែរ លោកសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា ស្នាក់ការអតីតយុទ្ធជនខេត្តកំពង់ចាម គឺជាស្នាក់ការទី ៨ នៃ ២៥ខេត្ត ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា ។ ទន្ទឹមនិងមានស្នាក់ការហើយនេះ ក៏ត្រូវរៀបចំឲ្យមានយន្តការ ត្រូវមានកម្លាំងប្រចាំការ ត្រូវមានការរក្សាទំនាក់ទំនងរវាងក្រុមការងារ សមាគមអតីតយុទ្ធជន និងបងប្អូនអតីតយុទ្ធជន និងបងប្អូននិវត្តជនរបស់យើង។

លោកសន្តិបណ្ឌិត បានបញ្ជាក់ថា សម្រាប់ខេត្តកំពង់ចាម ចាប់ពីថ្ងៃនេះទៅ យើងមានស្នាក់ការមួយ របស់អតីតយុទ្ធជន កម្ពុជា អចិន្ត្រៃយ៍ ដោយរៀបចំឲ្យមានប្រព័ន្ធទំនាក់ទំនង ដើម្បីឲ្យបងប្អូនអតីតយុទ្ធជន និងបងប្អូននិវត្តជន ទំនាក់ទំនងមកសមាគម របស់យើង ដើម្បីឲ្យថ្នាក់ដឹកនាំ បានទទួលព័ត៌មាន អំពីបញ្ហារស់នៅ ឬបញ្ហាជីវភាពរបស់បង ប្អូនអតីតយុទ្ធជន និងធ្វើការដោះស្រាយបន្ទាន់ជូនបងប្អូនអតីតយុទ្ធជន និងបងប្អូននិវត្តជនរបស់យើងបានទាន់ពេលវេលា ៕
