ភ្នំពេញ ៖ ចលនាស្អាត របស់ប្រជាជនកម្ពុជា ដែលរួមគ្នាចេញមកប្រមូល សំរាមច្រើនជាង២ម៉ឺននាក់ ក្នុងមួយថ្ងៃៗ គឺជាផ្នែកមួយ នៃឱកាសវិនិយោគ របស់វិស័យឯកជនចិន លើការគ្រប់គ្រងសំណល់ និងកែច្នៃសំណល់ទាំង នោះទៅជាថាមពលស្អាត ឆ្លើយតបនឹង យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលអនុលោមតាមយុទ្ធសាស្រ្ត បញ្ចកោណដំណាក់ទី១ នៃរាជរដ្ឋាភិបាលកម្ពុជា ។

កិច្ចពិភាក្សាដើម្បីជំរុញការវិនិយោគនេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែង ការគួរសមរវាងរដ្ឋមន្រ្តី ក្រសួងបរិស្ថាន ជាមួយលោក Ding Yongjun ប្រធានក្រុមហ៊ុន Morgen Group និងប្រតិភូវិនិយោគិនមកពីខេត្ត Anhui ប្រទេសចិន នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

លោកស្រី YU XIAOXIA ប្រធានក្រុមហ៊ុន JINIV technology environmental co.,ltd. បានលើកឡើងថា ចលនាប្រមូលសំរាមយ៉ាងសកម្ម របស់បុគ្គលិកក្រុមហ៊ុនប្រមូលសំរាម និងប្រជាជនកម្ពុជា គឺជាឱកាសនៃការ វិនិយោគរបស់លោកស្រីក្នុងការនាំមកនូវបច្ចេកវិទ្យាឆ្លាតវៃ ដែលអាចជួយគាំទ្រ ទៅដល់សកម្មភាពទាំងនេះ ហើយនិងកែច្នៃសំរាម សំណល់ទាំងនោះឱ្យទៅជាថាមពលស្អាត ដូចទស្សនវិស័យ នៃក្រុមហ៊ុនរបស់ចិនទាំង ២ក្រុមហ៊ុនទៀតដែរ។ ដោយមានក្រុមហ៊ុន Anhui Tongyuan Environment energy saving co.,ltd និងក្រុមហ៊ុន Anhui Sunyu Water co.,ltd។
ជាមួយគ្នានេះ លោក YANG MING ប្រធានក្រុមហ៊ុន Anhui Tongyuan Environment energy saving co.,ltd បានជម្រាបជូនអំពីគុណភាពប្រកបដោយស្តង់ដា នៃរោងចក្រកែច្នៃសំណល់ គម្រូរបស់ក្រុមហ៊ុនលោក នៅប្រទេសចិន ដែលមានសមត្ថភាពអាចចំរាញ់សំណល់ បានជាងរាប់ម៉ឺនក្នុង១ថ្ងៃ ដោយការបំប្លែងពីសំណល់ ទៅជាថាមពលស្អាតជាដើម។

ស្របនឹងការលើកឡើងនេះ លោក Deng Bangwu ប្រធានក្រុមហ៊ុន Anhui Sunyu Water co.,ltd នឹងរៀបចំឱ្យមានប្រព័ន្ធប្រព្រឹត្តកម្ម ទឹកនៅតាមអាគារទំនើបខ្ពស់ៗ ដែលអាចបំប្លែងពីសំណល់ រាវទៅជាទឹកស្អាត យកមកប្រើប្រាស់បាន ប្រកបដោយគុណភាព និងមានសុវត្ថិភាពក្នុងការប្រើប្រាស់ ដើម្បីសន្សំសំចៃថាមពល និងជួយទ្រទ្រង់សុខភាពសាធារណជន ដោយសមស្របតាមច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះវិស័យឯកជនចិន ដែលបានយកចិត្តទុក ដាក់ក្នុងការវិនិយោគ លើវិស័យបរិស្ថាន ដើម្បីរួមចំណែកក្នុងភាពស្អាត ភាពបៃតង និងចីរភាពរបស់កម្ពុជា ដោយស្របច្បាប់ ក្រោមកិច្ចសហប្រតិបត្តិការ រាជរដ្ឋាភិបាលចិន និងកម្ពុជា ដែលមានភាពជាដៃគូ យុទ្ធសាស្ត្រដ៏ទូលំទូលាយ និងបានរួមចំណែក ដល់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមរបស់កម្ពុជា ក៏ដូចជាការពង្រឹងទំនាក់ទំនង ទ្វេភាគីរវាងប្រទេសទាំងពីរផងដែរ ៕
