ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃ១៧ កក្កដានេះ បានដឹកនាំគណ:ប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីគោរពទូលថ្វាយ អំពីលទ្ធផលរាជរដ្ឋាភិបាល ទើបសម្រេចបានការ ចុះបញ្ជីបូជនីយដ្ឋាន ចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោកកាលពីថ្ងៃ១១ ខែកក្កដាកន្លងទៅ ។

ទីតាំងដែលសម្រេចបាន ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភព រួមមានទីតាំង ៖ អតីតមន្ទីរឃុំឃាំង ម-១៣ , សារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង ស-២១ និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ជើងឯក ។

ដើម្បីអបអរសាទរ ការចុះបញ្ជីបូជនីយដ្ឋាន ចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជា “មណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ កាលពីថ្ងៃ១១ កក្កដា នៅតាមបណ្តាក្រសួង-ស្ថាប័ន និងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកម្ពុជា បានចូលរួមទូងស្គរយ៉ាងក្លាវក្លា ពេញផ្ទៃប្រទេស ។
សូមបញ្ជាក់ថា ការទទួលស្គាល់ជាផ្លូវការ “បូជនីយដ្ឋានចងចាំ នៃកម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ជាបេតិកភណ្ឌពិភពលោកនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា បន្ទាប់ពីការចុះរមណីយដ្ឋានមរតកប្រវត្តិសាស្ត្រនានាដូចជា រមណីយដ្ឋានអង្គរ នៅឆ្នាំ១៩៩២ , ប្រាសាទព្រះវិហារនៅឆ្នាំ២០០៨ , តំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧ និងរមណីយដ្ឋានប្រាសាទកោះកេរនៅឆ្នាំ២០២៣ ៕





