ពោធិ៍សាត់÷ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខការ លក់ដូររបស់អាជីវករ ផ្សារថ្មីពោធិ៍សាត់ ដើម្បីស្វែងយល់និងក្តាប់ នូវបញ្ហាប្រឈមនានា ងាយស្រួលក្នុងការដោះស្រាយ ព្រមទាំងណែនាំ នូវកិច្ចការមួយចំនួន ដល់អ្នកគ្រប់គ្រងផ្សារ អោយយកចិត្តទុកដាក់លើកកម្ពស់ សោភ័ណ្ឌភាព អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់សាធារណះ និង ថែរក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋ។

ក្នុងដំណើរចុះសួរសុខទុក្ខនោះ លោកខូយ រីដា អភិបាលខេត្ត បានពិនិត្យឃើញថា កំណើនអ្នកលក់ដូរ និង អាជីវករពីមួយថ្ងៃ ទៅមួយថ្ងៃ គឺមានការកើនឡើងជាបន្តបន្ទាប់ រីឯកន្លែងលក់ដូរគឺនៅមានសភាព មិនទាន់សមរម្យនៅឡើយ ។ ចំណែកស្ថានភាពផ្លូវ ក្នុងនិងក្រៅផ្សារកន្លែងខ្លះមានលក្ខណះតូចចង្អៀត ហើយកន្លែងខ្លះទៀតផ្លូវធំទូលាយ នេះដោយសារបងប្អូនខ្លះ បានចូលរួមនិងបងប្អូនខ្លះ មិនទាន់បានចូលរួម ហើយបានលក់ដូរបំពានលើចំណីផ្លូវសាធារណះ។

លោកអភិបាលខេត្ត ក៍បានបញ្ជាក់ថា អាជ្ញាធរមានតួនាទីដោះស្រាយរាល់សុខទុក្ខ និងក្តីកង្វល់របស់ពលរដ្ឋទាំងនៅតំបន់ ទីផ្សារនិងនៅទីជនបទក្នុង គោលបំណងសម្រួល ដល់ការប្រកបរបរទទួលទាន របស់ប្រជាពលរដ្ឋដើម្បីលើកស្ទួយ សេដ្ឋកិច្ចគ្រួសារអោយកាន់តែប្រសើរឡើង សំដៅរួមចំណែកអនុវត្តន៍គោលនយោបាយកាត់បន្ថយភាពក្រីក្រ ក្រោមការដឹកនាំដ៍ត្រឹមត្រូវ និង បុិនប្រសពរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះ លោកអភិបាលខេត្តក៍បានសំនូមពរដល់បងប្អូនអាជីវករក្នុងនិងក្រៅផ្សារទាំងអស់ សូមចូលរួមលើកកម្ពស់អនាម័យ បរិស្ថាន និង សោភ័ណ្ឌភាពសាធារណះ ដោយត្រូវដាក់ទំនិញលក់ដូរ អោយមានសណ្តាប់ធ្នាប់ ជៀសវាងការដាក់តាំងលក់នៅលើ ចិញ្ចើមផ្លូវបណ្តាលអោយ កកស្ទះចរាចរណ៍ ជាពិសេសម្ចាស់ភាស៊ីផ្សារត្រូវសហការជា មួយអាជ្ញាធរមូលដ្ឋានធ្វើការរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខផ្សារអោយបានល្អដោយទុកដាក់សំរ៉ាម អោយមានរបៀបរៀបរយ ដើម្បីបរិស្ថានខេត្តរបស់យើងបានស្អាតល្អទាំងអស់គ្នា៕

