ព័ត៌មានជាតិ

អគ្គនាយកដ្ឋានពន្ធនាគារ ចាក់វ៉ាក់សាំងកូវីដ-១៩ ដុសជំរុញ ដល់មន្ត្រី និងជនជាប់ឃុំជាង ៥ម៉ឺននាក់

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងប្រទេស មានមន្ត្រី និងអ្នកជាប់ឃុំ ជាង ៥ម៉ឺននាក់ បានទទួលការចាក់វ៉ាក់សាំង ដុសជំរុញជាស្ថាពរ ។

នៅពេលដែលក្រសួងសុខាភិបាល បានប្រកាសពីសារសំខាន់ នៃការបន្តចាក់វ៉ាក់សាំងដុសជំរុញ ដើម្បីបង្ការជំងឺកូវីដ-១៩ ប្រភេទថ្មី អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានទទួលគោលការណ៍ណែនាំភ្លាមពី ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យប្រញាប់ចាត់ចែង រៀបចំចាក់វ៉ាក់សាំងទាំងមន្ត្រីពន្ធនាគារ និងអ្នកជាប់ឃុំ ដែលជាសត្យានុម័ត គឺពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ជាកន្លែងប្រមូលផ្ដុំមនុស្សជាអចិន្ត្រៃយ៍។

បើតាម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ការចាក់វ៉ាក់សាំងដុសជំរុញនេះ ផ្ដើមអនុវត្តតាំងពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ដោយមានកិច្ចសហការគាំទ្រពីក្រសួងសុខាភិបាល រហូតបញ្ចប់រួចរាល់ កាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅ។

ជាក់ស្ដែងចាប់ពីដើមនីតិកាលទី៧មក អត្រាអ្នកជាប់ឃុំឈឺ និងស្លាប់បានថយចុះគួរឱ្យកត់សម្គាល់ ខណៈអង្គការ សមាគម និងប្រទេសជាដៃគូ ដែលមានកិច្ចសហការជាមួយអគ្គនាយកដ្ឋានពន្ធនាគារ ក៏កត់សម្គាល់ពីភាពប្រសើរឡើងនេះ និងបានផ្ដល់ការលើកទឹកចិត្ត ព្រមទាំងបន្តចាប់ដៃសហការលើការងារថ្មីៗបន្ថែមទៀត ជាមួយអគ្គនាយកដ្ឋាន។

គួរកត់សម្គាល់ថា ជាទឡ្ហីករណ៍ជាក់ស្ដែងបង្ហាញថារាជរដ្ឋាភិបាល ពិតជាបាននិងកំពុងគិតគូរយ៉ាងល្អិតល្អន់ចំពោះសុខភាពអ្នកជាប់ឃុំ នៅខែកក្កដា ឆ្នាំ២០២៥នេះ ក្រសួងមហាផ្ទៃ បានប្រកាសប្រឡងចម្រាញ់យកវេជ្ជបណ្ឌិតចំនួន២៩រូប វេជ្ជបណ្ឌិតឯកទេសរោគស្ដ្រី៥រូប និងគិលានុបដ្ឋាកចំនួន៣៨រូប ដើម្បីបំពេញការងារតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងប្រទេស។ ការប្រកាសជ្រើសរើសនេះ បានទទួលការចាប់អារម្មណ៍ និងអបអរសាទរទាំងពីសិស្ស និស្សិតជំនាញសុខាភិបាល ព្រមទាំងសាធារណជន៕

To Top