ភ្នំពេញ ៖ លោក ហ្សាក់ ប៉ឺឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋបារាំងប្រចាំ កម្ពុជាបានឲ្យដឹងថា នៅឆ្នាំ២០២៦ខាងមុខនេះ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នឹងអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវការនៅកម្ពុជា ។
នេះជាប្រសាសន៍របស់ឯកអគ្គរដ្ឋទូតបារាំង ក្នុងឱកាសចូលជម្រាបលា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៅព្រឹកថ្ងៃ១៧ កក្កដា ។

ក្នុងកិច្ចជំនួបនៃឱកាសចូលជម្រាបលានេះ លោក ហ្សាក់ ប៉ឺឡេ បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៦ខាងមុខនេះ ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

ជាមួយគ្នានេះ នឹងការប្រកាសពីដំណើរទស្សនកិច្ច របស់ប្រធានាធិបតីបារាំងនៅលើទឹកដីកម្ពុជានាពេលខាងមុខនោះ ឯកអគ្គរដ្ឋទូតក៏បានគោរពអញ្ជើញ សម្តេចប្រធានរដ្ឋសភា ចូលរួមសន្និសីទអន្តរជាតិស្តីពីសន្តិភាព នៅប្រទេសបារំាងនាចុងឆ្នាំ២០២៥នេះ ផងដែរ ។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ មានសារៈសំខាន់សម្រាប់កម្ពុជា ដោយនឹងបង្ហាញពីជំហររីកចម្រើនរបស់កម្ពុជា ក្នុងឆាកអន្តរជាតិ និងការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី។ នេះជាលើកទីមួយ ហើយក្នុងរយៈពេល ជិត៣ទសវត្សរ៍ចុងក្រោយ ដែលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នឹងត្រូវរៀបចំឡើងនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

សូមបញ្ជាក់ថា អង្គការអន្តរជាតិ នៃក្រុមប្រទេសនិយាយភាសាបារាំង ឬហៅកាត់ថាហ្វ្រង់កូហ្វូនី (OIF) ត្រូវបានបង្កើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ មានសមាជិក ៨៤ប្រទេស ក្នុងនោះមានសមាជិកពេញសិទ្ធិចំនួន៥៤ និងសមាជិកមិនពេញសិទ្ធិ៤ ព្រមទាំងសមាជិកជារដ្ឋសង្កេតការណ៍២៦ប្រទេស។ កម្ពុជាបានក្លាយជាសមាជិកក្នុងនាមជារដ្ឋសង្កេតការណ៍នៅខែវិច្ឆិកា ឆ្នាំ១៩៩១ និងបានក្លាយជាសមាជិកពេញសិទ្ធិនៅខែតុលា ឆ្នាំ១៩៩៣ នៅឯកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី៥ នៅភូមិ Grand-Baie នៃប្រទេសម៉ូរីតានី ៕
