ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំរបស់ គ.ជ.ប នាថ្ងៃទី១៧កក្កដា

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប និងសេចក្តីសម្រេចស្តីពី ការផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥។

ក្រោយពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាតាមរបៀបវារៈនីមួយៗ ហើយអង្គប្រជុំ គ.ជ.ប បានសម្រេច ដូចខាងក្រោម៖
១. របៀបវារៈទី១៖ បានឯកភាពលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។
២.របៀបវារៈទី២៖ អង្គប្រជុំ គ.ជ.ប ឯកភាពលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥។ ផ្អែកតាមខ្លឹមសារនៃសេចក្តីព្រាងសេចក្តីសម្រេចនោះ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥ សរុបចំនួន ១០.១៦២.២៣២ នាក់ ស្មើនឹង ៩០,៥០% ធៀបនឹងស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ក្នុងនោះស្រីសរុបចំនួន ៥.៣៩៣.៣០៩ នាក់ និងការិយាល័យបោះឆ្នោតសរុបចំនួន ២៤.២៣៥ ការិយាល័យ។ បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥ នឹងត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។

៣. របៀបវារៈផ្សេងៗ ដោយលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានធ្វើសេចក្តីរាយការណ៍ អំពីគម្រោងផែនការដែលត្រូវធ្វើការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ជូនអង្គប្រជុំ គ.ជ.ប ថា នៅឆ្នាំ២០២៦ គ.ជ.ប នឹងត្រូវធ្វើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានរយៈពេលវែងជាងឆ្នាំ​​​ ដែលមិនមានការបោះឆ្នោត ពីព្រោះបញ្ជីបោះឆ្នោត ឆ្នាំ២០២៦ នឹងត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោត​ ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦។ សម្រាប់ឆ្នាំ២០២៦ ខាងមុខ តាមការប៉ាន់ស្មានអ្នកដែលមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោត មានប្រមាណជាង ១.០០០.០០០នាក់ និងអ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតរួចហើយ ប៉ុន្តែមិនទាន់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ក្នុងបញ្ជីបោះឆ្នោតមានចំនួនប្រមាណ ៤.៥០០.០០០នាក់។ ដូចនេះរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវការរយៈពេល ៧០ថ្ងៃ ដោយមិនទាន់រួមបញ្ចូលពេលវេលា នៃការដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធ នឹងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទេ។

ក្រោយពីបានស្តាប់អំពីគម្រោងផែនការសកម្មភាពការងារ ដែលបានលើកឡើងដោយ លោកអគ្គលេខាធិការ គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប ក៏បានសម្រេចឯកភាព លើរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅឆ្នាំខាងមុខ។

មុននឹងបិទបញ្ចប់កិច្ចប្រជុំ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់អង្គភាពជំនាញ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ព្រមទាំងជ្រួតជ្រាបដល់ប្រជាពលរដ្ឋ ទាំងនៅទីប្រជុំជន និងនៅជនបទ អំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ នៅឆ្នាំ២០២៦ខាងមុខ៕

To Top