ព័ត៌មានជាតិ

ផ្លូវឡើងភ្នំខ្នងផ្សារ ចាក់ដីពង្រាបរួចរាល់ អាចធ្វើដំណើរបានងាយស្រួល ឆ្ពោះទៅការបង្កើតអនាគតថ្មី សម្រាប់តំបន់សហគមន៍

ភ្នំពេញ ៖ ការដ្ឋានធ្វើផ្លូវឡើងភ្នំខ្នងផ្សារ កំពុងមានវឌ្ឍនភាពទៅមុខ ដែលនៅពេលនេះ គម្រោងសាងសង់ផ្លូវ ឆ្ពោះទៅតំបន់លំហែបៃតង ដ៏មានសក្តានុពលនៅក្នុង ភូមិសាស្រ្តខេត្តកំពង់ស្ពឺ ជាប់ជាមួយខេត្តកោះកុង បានបញ្ចប់ការចាក់ដី និងកិនពង្រាបបានស្អាតល្អហើយ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះថា ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ សម្រាប់ការអភិវឌ្ឍគោលដៅលំហែបៃតង នៅតំបន់ភ្នំខ្នងផ្សារ បានកំពុងដំណើរការទៅមុខ ជានិច្ចបើទោះបីក្នុងរដូវវស្សាក៏ដោយ និងមានភ្ញៀវទេសចរ នៅតែបន្តធ្វើដំណើរ បានប្រសើរជាងមុន ដើម្បីទៅកម្សាន្តលើភ្នំខ្នងផ្សារជាហូរហែ។ ផ្លូវចាប់ពីវត្តតាំងបំពង់ ទៅដល់ជើងភ្នំខ្នងផ្សារ ប្រវែង ជាង៧ គីឡូម៉ែត្រ បានបញ្ជប់ការចាក់ពង្រាបរួចហើយ បង្កឱ្យការធ្វើដំណើរបានល្អប្រសើរ។

លោក ខ្វៃ អាទិត្យា បានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថាន សហការជាមួយ ក្រសួង និងស្ថាប័នពាក់ព័ន្ធ រៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអភិវឌ្ឍន៍គោលដៅ លំហែបៃតង នៅតំបន់ខ្នងផ្សារ ដែលមានភ្នំខ្នងសំពៅ និងខ្នងផ្សារ ដោយគោរពតាមបទដ្ឋាន បច្ចេកទេសបរិស្ថាន រួមចំណែកដល់ការការពារ និងអភិរក្សធនធានធម្មជាតិ រួមទាំងទេសភាពនៃតំបន់ការពារធម្មជាតិ និងការលើកកម្ពស់ជិវភាពរបស់ប្រជាពលរដ្ឋនៅ តាមសហគមន៍មូលដ្ឋាន។

សូមបញ្ជាក់ថា ការដ្ឋានសាងសង់ផ្លូវចូលទៅកាន់តំបន់ខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលម្ហែបៃតងតំបន់នោះ បានបើកសម្ពោធជាផ្លូវការ នៅភូមិតាំងបំពង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។
រហូតមកទល់ពេលនេះ គម្រោងអភិវឌ្ឍន៍រួមមាន ការសាងសង់ ផ្លូវក្រាលក្រួសក្រហម (កាលថ្មម៉ិច) ប្រវែង ៧,២ គីឡូម៉ែត្រ ទទឹងប្រវែង ៨ម៉ែត្រ ចាប់ពីវត្តតាំងបំពង់ ដល់ជើងភ្នំឡើង តំបន់ខ្នងផ្សារ បានរៀបចំចាក់ដីនិងពង្រាបដីស្អាតរួចរាល់។ លើសពីនេះ ការសាងសង់ក្លោងទ្វារធ្វើឡើភ្នំ សម្រេចបាន25% ការសាងសង់បន្ទប់ទឹកស្អាត សម្រេចបានធ្វើបាន 20% រួមជាមួយ ស្នាក់ការផ្តល់ព័ត៌មានសម្រាប់ទេសចរណ៍លើភ្នំ និងបន្ទប់សង្គ្រោះបឋម សម្រេចបាន 35% ។

លើសពីនេះ ការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ និងការបើកការសាងសង់ផ្លូវថ្មើរ ជើងឡើងតំបន់ភ្នំខ្នងផ្សារ ចាប់ពីចំណុចជើងភ្នំ ដល់ដំណាក់ដានព្រះ មុនទៅដល់ភ្នំខ្នងផ្សារ រួមជាមួយកន្លែងចតយានយន្ត បានរៀបចំបានមួយចំនួនផងដែរ។

សូមរំលឹកថា ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមបែបបៃតង ដែលនាំឱ្យមានភាពរីកចម្រើន ដោយមានការគាំទ្រ ទៅលើការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ និងជីវៈចម្រុះ ក្រោមការផ្តួចផ្តើម និងចង្អុលបង្ហាញផ្ទាល់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបំពេញទស្សនកិច្ច នៅតំបន់ ភ្នំខ្នងផ្សារ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ។ ការចាប់ផ្តើមអនុវត្តគម្រោងនេះ គឺជាការឆ្លើយតបប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបង្កើតអនាគតថ្មីសម្រាប់តំបន់នេះ៕

To Top