ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា ៖ ជប៉ុនជាដៃគូដ៏សំខាន់ បានចូលរួមដំណើរការស្វែងរកសន្តិភាព និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច កម្ពុជា

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ជប៉ុន គឺជាមិត្តដ៏ល្អរបស់កម្ពុជា និងជាដៃគូដ៏សំខាន់ ដែលបានចូលរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់កម្ពុជា។

ការលើកឡើងរបស់ នាយករដ្ឋមន្ដ្រីកម្ពុជា នាឱកាសអនុញ្ញាតឱ្យ លោក KAWASHIMA Shin សាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យតូក្យូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប, លោកសាស្ត្រាចារ្យ បានគោរពជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក និងសហការី គឺដើម្បីស្វែងយល់បន្ថែមអំពីប្រទេសកម្ពុជា, ការអភិវឌ្ឍ សង្គម -សេដ្ឋកិច្ច និង នយោបាយការបរទេស តាមរយៈការជួបពិភាក្សាជាមួយតំណាងក្រសួង-ស្ថាប័ន និងគ្រឹះស្ថានឧត្តមសិក្សាមួយចំនួន។ ជាមួយគ្នានេះ, លោកសាស្ត្រាចារ្យ ក៏បានគោរពស្នើសុំ សម្តេចបវរធិបតី ចែករំលែក អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន។

ជាការឆ្លើយតប, សម្តេចបវរធិបតី បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកសាស្ត្រាចារ្យ និងសហការី នៅកម្ពុជា ក៏ដូចជាបំណងស្វែងយល់អំពីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

សម្តេចបវរធិបតី បានលើកឡើងថា គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺផ្តោតការយកចិត្តទុកដាក់លើប្រជាជនជាចម្បង សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសេីរឡេីង តាមរយៈការជំរុញវិស័យសុខាភិបាល, អប់រំ, ការបង្កើតការងារ និងការបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និង វិនិយោគ។

សម្ដេចបវរធិបតី និងលោកសាស្ត្រាចារ្យ ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលពាក់ព័ន្ធនឹងការរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព របស់តំបន់ និងសកលលោក ក្នុងបរិការណ៍ដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា៕

To Top