ព័ត៌មានជាតិ

ក្រសួងបរិស្ថាន បញ្ជាក់ថា ប្រភពទឹក ដែលមានពណ៌ស្រអាប់បន្តិច ភ្ជាប់ទៅទន្លេបាសាក់ ក្នុងភូមិសាស្រ្ត ខេត្តកណ្តាល គ្មានជាតិពុល

ភ្នំពេញ ៖ បន្ទាប់ពីមានសេចក្តីរាយការណ៍ និងការចាប់អារម្មណ៍ ពីប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងសារព័ត៌មានមួយចំនួន នាពេលកន្លងមក ចំពោះករណី ទឹកប្រែពណ៌ម្តងម្កាលត្រង់ចំណុចស្ទឹងជ្រៅ ភ្ជាប់មកទន្លេបាសាក់ ក្នុងខេត្តកណ្តាល មន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថា ទឹកដែលមានពណ៌ស្រអាប់ នៅទីតាំងស្ទឹងទឹកជ្រៅ មិនមានជាតិពុលនោះទេ។

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ មន្ត្រី នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកដោយ លោក វង សាយ អនុប្រធាននាយកដ្ឋាន គ្រប់គ្រងគុណភាពទឹក ដោយមានការចូលរួមពីមន្ត្រី នៃមន្ទីរបរិស្ថានខេត្តកណ្តាល បានចុះពិនិត្យ ស្ថានភាពទឹកស្ទឹងជ្រៅ ដែលមានពណ៌ស្រអាប់បន្តិច ហូរចូលទន្លេបាសាក់ក្រុងតាខ្មៅ ចំនួន៣ទីតាំងផ្សេងគ្នា គឺទីតាំងស្ទឹងជ្រៅ ចំណុចស្ពានស្ទឹងជ្រៅ ឃើញទឹកមានពណ៌បៃតងស្រាល មានក្លិនតិចតួច។ នៅទីតាំងប្រសព្វស្ទឹងជ្រៅ និងស្ទឹងព្រែកត្នោត ចំណុចស្ពានក្រពើហា ទឹកមានពណ៌ដីស្រាល គ្មានក្លិន ។ និងនៅទីតាំងប្រសព្វស្ទឹងព្រែកត្នោត និងទន្លេបាសាក់ ចំណុចអ្នកតាចិនក្រុងតាខ្មៅ ទឹកមានពណ៌ដីស្រាល និងមិនមានក្លិន។

យោងតាមការចុះពិនិត្យជាក់ស្ដែង និងលទ្ធផលតេស្តបឋម ដោយម៉ាស៊ីនទំនើបតេស្តគុណភាពទឹកចល័ត បានបង្ហាញថាស្ថានភាពគុណភាព ទឹកក្នុងទីតាំងទាំង ៣ខាងលើ ដែលភ្ជាប់ទៅទន្លេបាសាក់ ដែលជាប្រភពទទួល ទឹកពីស្ទឹងជ្រៅ និងស្ទឹងព្រែកត្នោត មិនទទួលរងការបំពុលនោះទេ ដោយសារកំហាប់ទឹកកខ្វក់ ដែលហូរចេញពីស្ទឹងជ្រៅ ត្រូវបានពង្រាវ ឬបន្សាបជាមួយទឹកស្ទឹងព្រែកត្នោត និងទន្លេបាសាក់។

ដោយឡែកនៅទីតាំងដែលមានទឹកមានពណ៌ក្រម៉ៅ នៅទីតាំងស្ទឹងជ្រៅ អាចបណ្ដាលមកពីការបង្ហូរទឹកកខ្វក់ពីលំនៅដ្ឋាន តាមបណ្តោយស្ទឹងជ្រៅ និងពីរាជធានីភ្នំពេញភាគខាងត្បូង ដោយបានឆ្លងកាត់ ការចោលសំរាម សំណល់រឹងទីប្រជុំជន ចូលទៅក្នុងស្ទឹងជ្រៅ។

ចំពោះវិធានការចំពោះមុខ ក្រុមការងារ បានយកសំណាកទឹកទាំង៣ទីតាំង ដើម្បីវិភាគ និងតាមដានប៉ារ៉ាម៉ែត្រ គុណភាពទឹកបន្ថែម នៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន។ មន្រ្តីក្រសួងបរិស្ថាន និងបន្តសហការគាំទ្របច្ចេកទេស ដល់អាជ្ញាធរថ្នាក់ក្រោមជាតិពាក់ព័ន្ធ ក្នុងនោះមានមន្ទីរបរិស្ថានខេត្តកណ្តាល និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ ដើម្បីអនុវត្តការតាមដានគុណភាពទឹកស្ទឹងជ្រៅ ស្ទឹងព្រែកត្នោត និង ទន្លេបាសាក់ជាប្រចាំ និងជំរុញលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កុំបោះចោលទៅក្នុងប្រភពទឹកសាធារណៈ ដើម្បីទប់ស្កាត់ និងកាត់បន្ថយការបំពុលទឹកស្ទឹងជ្រៅ។

ជាមួយគ្នានេះ សូមបន្តចូលរួមយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និង«ផ្លូវស្អាត គ្មានសំរាមនិងសំណល់ប្លាស្ទិក» រួមគ្នាធ្វើអនាម័យ សំអាតភូមិឋាន ទុលដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីរួមគ្នាឆ្ពោះទៅកម្ពុជាស្អាត កម្ពុជាបៃតង និងមានការអភិវឌ្ឍដោយចីរភាព៕

To Top