ព័ត៌មានជាតិ

២០ថ្ងៃ សមត្ថកិច្ច បានបង្រ្កាបសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ២០ទីតាំង ឃាត់ខ្លួនជនសង្ស័យ ១.៣៦២នាក់

ភ្នំពេញ ៖ គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានឱ្យដឹងថា រយៈពេលប្រមាណ ២០ថ្ងៃ នៃប្រតិបត្តិការក្តៅកម្លាំងសមត្ថកិច្ច បានបង្ក្រាបបទល្មើស តាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ២០ទីតាំង និងឃាត់ខ្លួនជនសង្ស័យ ១.៣៦២នាក់ ។

យោងតាមរបាយការណ៍របស់ លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញលទ្ធផល ប្រតិបត្តិការបង្ក្រាប សកម្មភាពឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) នៅទូទាំងប្រទេស ថា “បន្ទាប់ពីកិច្ច ប្រជុំលើកទី១ របស់ គ.ប.ឆ.ប. និងការដាក់បទបញ្ជា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងនឹង ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា, គណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំង២៥ បានចាត់វិធានការបង្រ្កាប សកម្មភាពឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានចុះប្រតិបត្តិការ បង្ក្រាបសរុបបាន ២០ទីតាំង”។

ក្នុងនោះ ឃាត់ខ្លួនជនសង្ស័យសរុប ១.៣៦២ នាក់ មានជនជាតិវៀតណាម ៣៤៧នាក់, ជនជាតិឥណ្ឌូនេស៊ី ២៧១នាក់, ជនជាតិចិន ២២៦នាក់, ជនជាតិកូរ៉េ ៥៧នាក់, តៃវ៉ាន់ ៣៧នាក់ និងជនជាតិផ្សេងៗទៀត រួមមាន ថៃ បង់ក្លាដេស និងមីយ៉ាន់ម៉ា ជាដើម។

ក្រោយប្រតិបត្តិការ បង្ក្រាប ទីតាំង និងជនសង្ស័យត្រូវបានអាជ្ញាធររាជធានី-ខេត្ត គ្រប់គ្រង និងបិទទីតាំងមិនឱ្យ មានការចេញ-ចូល។ ចំណែកមុខសញ្ញាមេក្លោងត្រូវបានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធី (រាជធានីភ្នំពេញ បានបញ្ជូនមេក្លោង ១១នាក់ និងវត្ថុតាងទៅតុលាការ) ព្រមទាំងសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមរៀបចំបញ្ជូនជនបរទេសទៅកាន់មណ្ឌលរង់ចាំត្រៀម បណ្ដេញចេញទៅក្រៅប្រទេស។

ដោយឡែក វត្ថុតាងរឹបអូសមួយចំនួន ត្រូវបានប្រគល់ជូនតុលាការ និងមួយចំនួនទៀតស្ថិតក្រោមការគ្រប់គ្រង រក្សាទុករបស់អាជ្ញាធររាជធានី-ខេត្ត សម្រាប់បម្រើឱ្យជំនាញ ធ្វើការស្រាវជ្រាវបន្ត៕

To Top