ខ្សឹបដាក់ត្រចៀក៖ កូនចាបកូនព្រាប កើតទុក្ខមិនសុខចិត្ត ដោយសារតែថ្មីៗនេះ ក្រោមកណ្តាប់ដៃអគ្គនាយកមួយរូបនៃក្រសួងអប់រំ យុវជន និងកីឡា ទើបឡើងកាន់តំណែង មិនទាន់បានក្តៅគូថស្រួលបួលផងនោះ បានចាប់ផ្តើមស្រង់ដើមបណ្តើរៗ ដោយប្រើវិធីសាស្រ្ត “មាន់ព្រៃកំចាយមាន់ស្រុក”។
លឺកូនចាបកូនព្រាប កើតទុក្ខមិនសុខចិត្ត នាយ០៤ ក៏បានសាកសួរបន្ថែម។ កូនចាបកូនព្រាប យំខ្សឹបខ្សួលថា “ល្បងអើយ តាំងពីតាអគ្គហ្នឹង ឡើងមកកាន់ គាត់រៀបចំសេរីណារីយូ អីមិនដឹងទេ ក្រោយពីនាយកវិទ្យាល័យបឹងត្របែកចាស់ ចូលនិវត្តន៍ទៅ នាយកថ្មីមកដល់។ រឿងរ៉ាវប្លែកៗ ក៏ចាប់លេចកន្ទុយជាបណ្តើរៗ។”
កូនចាបកូនព្រាប បន្តថា៖ ហេតុតែបុណ្យគេឋានៈជាអគ្គ គាត់ប្រើសិទ្ធិអំណាចបង្គាប់បញ្ជាឱ្យប្រធានមន្ទីរអប់រំ ចាត់ចែងឱ្យនាយកសាលា កំចាយអ្នកចាស់ចោល ទោះបីគ្នាមិនបានបំពេញអ្វីខុសឆ្គងទៅតាមកិច្ចសន្យាជាមួយសាលាក៏ដោយ គឺគាត់រៀបចំឱ្យអ្នកថ្មី មកធ្វើកុងត្រាជួលនៅតារាងបាល់ទាត់រហូតដល់ទៅ១០ឆ្នាំ ដែលអ្នកចាស់ ធ្វើត្រឹមតែ៤ឆ្នាំ។ ម្យ៉ាងអ្នកចាស់ នៅមានលទ្ធភាពនិងបានបំពេញលក្ខខណ្ឌ យ៉ាងល្អប្រសើរ។ ទោះបីជាអ្នកចាស់គាត់ប្រឹងអភិវឌ្ឍន៍តាមកិច្ចសន្យា បែបណាក្តី ក៏លោកអគ្គ មិនសុខចិត្តដែរ គឺចង់បានតែគ្នា “អញ” មកជំនួស។ ហេៗ!!! សូមសរសើរលោកអគ្គ ដ៏មហិមា មកថ្មី បានថ្មី ចោលចាស់។sic។ មិនខុសអ្វីនិងយុទ្ធសាស្រ្ត “មាន់ព្រៃកំចាយមាន់ស្រុក” នោះឡើយ។
នាយ០៤ សូមមិនវែកញ៉ែកនោះទេ សង្ឃឹមថា លោករដ្ឋមន្រ្តីក្រសួងអប់រំ បានជ្រាប និងពិនិត្យឡើងវិញ។ លោក អគ្គធ្វើគេមិនបែក ក៏ប្រើយុទ្ធសាស្រ្តវាយបំបែកឆ្នាំងបាយចោលតែម្តង។ “នេះរឺគុណធម៌” របស់លោកអគ្គ ដ៏មហិមា អាងខ្សែប្រពន្ធមេ!”។
នាយ០៤ នឹងខ្សឹបលម្អិតបន្ថែមទៀត នៅលេខក្រោយ!
