ព័ត៌មានជាតិ

អគ្គស្នងការនគរបាលជាតិ ចាត់តាំងក្រុមការងារចុះស្រាវជ្រាវ ករណីបង្ក្រាបបទល្មើសនៅស្រុកគិរីសាគរ ខេត្តកោះកុង ដែលបាត់ទូរស័ព្ទ និងកុំព្យួរទ័រ៣៥គ្រឿង

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានចាត់តាំងក្រុមការងារ ចុះស្រាវជ្រាវករណីបង្ក្រាបបទ ល្មើសមួយនៅសហគ្រាស LYP ក្នុងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដែលនាំឲ្យបាត់ទូរស័ព្ទ និងកុំព្យួរទ័រ៣៥គ្រឿង ។

សូមរំលឹកថា​ ប្រតិបត្តិការបង្ក្រាបបទល្មើសមួយនេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដែលម្ចាស់ករណីជាកម្លាំង នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ដឹកនាំដោយស្នងការរង នគរបាលរាជធានីភ្នំពេញម្នាក់ ហើយកម្លាំង នគរបាលខេត្តកោះកុង គ្រាន់តែចូលរួមសហការប៉ុណ្ណោះ ។

យោងតាមសេចក្តីសម្រេច របស់នាយឧត្តមសេនីយ៍ ស ថេត ចេញផ្សាយ​នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្រុមការងារ ដែលត្រូវបានចាត់តាំងចុះទៅស្រាវជ្រាវករណីបង្ក្រាបបទ ល្មើសមួយនេះ ដែលនាំឲ្យកើតមានភាពមិនប្រក្រតី រហូតលួចយកទូរស័ព្ទ និងកុំព្យួរទ័រនោះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អមដោយអនុប្រធាន និងសមាជិកសរុបចំនួន១២នាក់។

សេចក្តីសម្រេចនេះ បានបញ្ជាក់ថា ក្រុមការងារចុះស្រាវជ្រាវករណីបង្ក្រាបបទល្មើសនៅក្នុងសហគ្រាស LYP ស្ថិតនៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង មានតួនាទី ភារកិច្ចដូចខាងក្រោម ៖
-ធ្វើការស្រាវជ្រាវអំពីដំណើររឿង មូលហេតុ និងលទ្ធផល នៃការចុះបង្ក្រាបឱ្យបានច្បាស់លាស់
-តម្លើងបញ្ជីសមាសភាពក្រុមការងារ ដែលចុះបង្ក្រាបបទល្មើសនៅក្នុងភូមិសាស្ត្រសហគ្រាស LYP
-ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតអំពីដំណើរការ នៃកិច្ចប្រតិបត្តិការរបស់ក្រុមការងារដែលចុះបង្ក្រាបបទ ល្មើសនៅក្នុងសហគ្រាស LYP (ទាំងក្នុងពេល និងក្រោយពេលប្រតិបត្តិការរួច)
-ធ្វើរបាយការណ៍លំអិតអំពីលទ្ធផល នៃការស្រាវជ្រាវ ស៊ើបអង្កេត រាយការណ៍ជូនអគ្គស្នងការនគរបាល ជាតិ ដើម្បីមានវិធានការបន្ត
-បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនពីអគ្គស្នងការដ្ឋាននគរបាលជាតិ។

ដោយឡែកកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាល​ខេត្ត​កោះកុង​ បានចេញមកធ្វើការ​បំភ្លឺចំពោះករណីនេះថា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចុះ​ធ្វើការស្រាវជ្រាវជនសង្ស័យករណីរឿងឃាតកម្ម នៅស្រុកគិរីសាគរ​ តែមិនមែនជាទីតាំងល្បែងអនឡាញឡើយ។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផល នៃកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ស ថេត បានស្ដីបន្ទោសដល់ស្នងការនគរបាលខេត្តកោះកុង លោកឧត្តមសេនីយ៍ទោ គង់ មនោ ពាក់ព័ន្ធការចុះស្រាវជ្រាវ ស៉ើបអង្កេត និងបង្ក្រាបបទល្មើស នូវទីតាំងមួយនៅស្រុកគិរីសាគរ ហើយមានការបាត់បង់ទូរស័ព្ទ និងកុំព្យូទ័រនៅទីតាំងនោះ រហូតដល់៣៥គ្រឿង ប៉ុន្តែក្រោយការសួរនាំទើបដឹងថា កម្លាំងនគរបាលខេត្តកោះកុង គ្រាន់តែចូលរួមសហការជាមួយ ដោយឡែកកម្លាំង នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាម្ចាស់ករណី និងជាកម្លាំងចូលទៅស្រាវជ្រាវ និងបង្ក្រាបនៅទីតាំងខាងក្នុង៕

To Top