ព័ត៌មានជាតិ

ឈាមស្រែកស្បែកហៅ ត្រឹម៥ថ្ងៃ​ ត្រូវអាអាវុធហត្ថភ្នំពេញក្របួចបាន

ភ្នំពេញ៖​ កាលពីវេលាម៉ោង០៥.៤០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋ​ កំពុងដេីរហាត់ប្រាណពេលព្រឹក បានប្រទះឃើញសព មិនស្គាល់អត្តសញ្ញាណ នៅចំណុច ផ្លូវOCIC ក្រុមទី១ ភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។

ក្រោយការពិត្យ របស់គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា សពស្លាប់ដោយវាយក្បាលខាងក្រោយ សង្ស័យជាករណីឃាតកម្ម វាយសម្លាប់។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថ ខណ្ឌជ្រោយចង្វារ បានបើកការស៊ើបអង្កេតស្រាវជ្រាវ​ យ៉ាងយកចិត្តទុកដាក់ និងបន្តពង្លាតដែនសមត្ថកិច្ច ទៅសហការជាមួយកម្លាំងមូលដ្ឋាន​ អាវុធហត្ថស្រុកមុខកំពូល រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាបន្តបន្ទាប់ នាំមកកាន់ការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ជនទាំង ០៥នាក់ មានឈ្មោះ ១-ឈ្មោះ អ៊ុសារ ស្នាវី ភេទប្រុស អាយុ២១ឆ្នាំ, ២- ឈ្មោះ មាន អ៊ូមើត ភេទប្រុស អាយុ២១ឆ្នាំ, ៣- ឈ្មោះ ណូ ហាន់ណាហ្វី ហៅ វៃ ភេទប្រុស អាយុ ២០ឆ្នាំ, ៤- ឈ្មោះ ម៉ាត់ណោះ ស្រុលឡោះ ភេទប្រុស អាយុ១៧ឆ្នាំ, ៥- ឈ្មោះ មាន សាលីម ភេទប្រុស អាយុ២៣ឆ្នាំ។

ក្រោមវិធានការជំនាញ​ ជនសង្ស័យទាំង០៥នាក់ បានឆ្លើយសារភាពឱ្យដឹងថា ពួកខ្លួនពិតជាបានរួមគ្នាប្រព្រឹត្តអំពើឃាតកម្ម​ ខាងលើប្រាកដមែន ដោយព្រួតគ្នាវាយដោយដំបងនិងមួកសុវត្ថិភាព ទៅលើជនរងគ្រោះ ដើម្បីប្លន់យកទ្រព្យសម្បត្តិ រួមមានទូរស័ព្ទដៃ និងកាបូបលុយ ហើយកន្លងមកពួកខ្លួន​ តែងតែធ្វើសកម្មភាពប្រព្រឹត្តបទល្មើសជាមួយគ្នា​ ជាច្រើនលើកច្រើនសារមកហើយ ហើយធ្លាប់ប្រើប្រាស់គ្រឿងញៀនជាមួយគ្នា និងធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធ​ ករណីលួចមានស្ថានទម្ងន់ទោសផងដែរ។ 

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ ត្រូវបានការិយាល័យជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

To Top