ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានជំរុញដល់កងកម្លាំងទាំងអស់ បន្តស្រាវជ្រាវបង្រ្កាប បទល្មើសអនឡាញខុសច្បាប់ ដោយអនុវត្តឲ្យបានត្រឹមត្រូវ តាមជំនាញ នីតិវិធី ឲ្យស្របតាមច្បាប់ ក៏ដូច បន្តពង្រឹងការងារអន្តោប្រវេសន៍ផងដែរ ។

ក្នុងពិធីប្រកាសផ្ទេរភាកិច្ច តែងតាំងមុខតំណែងនិង បំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិ និងបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏ជំរុញឲ្យមន្រ្តី បន្តខិតខំយកចិត្តទុកដាក់បំពេញ ភារកិច្ចបម្រើប្រជាពលរដ្ឋ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ ឲ្យកាន់តែល្អប្រសើរ ព្រមទាំង ពង្រឹងយកចិត្តទុកដាក់ដោះស្រាយបញ្ហា ទុកកង្វល់របស់ប្រជាពលរដ្ឋ។

លើសពីនេះ លោកឧត្តមសេនីយ៍ឯក ក៏បានណែនាំស្រាវជ្រាវបង្ការទប់ស្កាត់ និងបង្រ្កាប ទីតាំងសង្ស័យជួញដូរមនុស្សខុសច្បាប់ និងពង្រឹងផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព តាមបណ្តាមូលដ្ឋាន។

លោកឧត្តមសេនីយ៍ឯក បានណែនាំមន្រ្តីជំនាញចរាចរណ៍ ត្រូវចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងក្រមសីលធម៌ វិជ្ជាជីវៈ របស់កងកម្លាំងនគរបាលជាតិ ជាពិសេសត្រូវកាត់បន្ថយបញ្ហាភាព អសកម្មតាមដងផ្លូវដែលធ្វើឲ្យប៉ះពាល់ អារម្មណ៍របស់ប្រជាពលរដ្ឋ ៕


