តាកែវ ៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានបញ្ជាឲ្យអភិបាលក្រុងស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណាស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបឱ្យបាន ចំពោះក្រុមជនខិលខូច ដែលលួចបើក ល្បែងស៊ីសងខុសច្បាប់ ជាពិសេសបទល្មើសឆបោកនៅតាមអនឡាញ។

ការដាក់បទបញ្ជារបស់ លោក អភិបាលខេត្ត នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងមូលដ្ឋានខេត្តតាកែវ នៅថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២៥។

លោក អភិបាលខេត្ត បានសង្កត់ធ្ងន់ថា «ប៉ុន្មានថ្ងៃនេះ យើងឃើញអំពីការបង្ក្រាបបទល្មើស ឆបោកតាមអនឡាញ ជាច្រើនខេត្ត ដូច្នេះសូមឱ្យអាជ្ញាធរក្រុង-ស្រុក និងសមត្ថកិច្ចត្រូវខិតខំស្រាវជ្រាវ និងទប់ស្កាត់កុំឱ្យមានជនឱកាសនិយម មកពួនសំងំរកស៊ីខុសច្បាប់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យសោះ»។

លោក អភិបាលខេត្ត បន្ថែមថា ការទប់ស្កាត់ការលេងលេងស៊ីសងខុសច្បាប់ តាមអនឡាញ និងបទល្មើសឆបោកតាមឡនឡាញ នឹងធ្វើឲ្យក្រុងស្រុកនីមួយៗ មានសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ល្អប្រសើរជាពិសេសវា ក៏នឹងបង្កើនភាពជឿជាក់របស់ក្រុមអ្នកវិនិយោទុន ឱ្យចូលមកបណ្ដាក់ទុន នៅក្នុងខេត្ត ឱ្យកាន់តែច្រើន៕

