ព័ត៌មានជាតិ

កម្ពុជា និងកូរ៉េ រួមគ្នាជំរុញការកាត់បន្ថយ ឧស្ម័នផ្ទះកញ្ចក់ តាមរយៈការវិនិយោគ មធ្យោបាយដឹកញ្ជូនអគ្គិសនី

ភ្នំពេញ ៖ ស្ថិតក្រោមក្របខណ្ឌមាត្រាទី៦ កិច្ចព្រមព្រៀងបារីស៌ ស្តីពីការប្រែប្រួល អាកាសធាតុ ក្រុមហ៊ុនផលិតម៉ូតូអគ្គិសនី របស់សាធារណៈរដ្ឋកូរ៉េ Very Words.Inc តាមរយៈកិច្ចសហប្រតិបត្តិការ គម្រោង Internationally Transferred Mitigation Outcomes (ITMOs) បានកំពុងរួមចំណែកយ៉ាង សំខាន់ជាមួយកម្ពុជា ប្តេជ្ញាចិត្តកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ជាមួយនឹងការវិនិយោគដំឡើង រោងចក្រផលិតម៉ូតូអគ្គិសនី និងការស្ថានីយសាកថ្ម ចល័តនៅកម្ពុជា។

ថ្លែងនៅក្នុងពិធីកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្រោមមាត្រាទី៦កិច្ចព្រមព្រៀងបារីស៌ ពីការប្រែប្រួលអាកាសធាតុ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកបណ្ឌិត.Malle Fofana,នាយកប្រចាំតំបន់អាស៊ីនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល( GGGI) បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន ដែលបានគាំទ្រវិនិយោគិនកូរ៉េ និង កិច្ចសហការយ៉ាងល្អប្រសើរជាមួយនឹង GGGI ដើម្បីរួចចំណែកកាត់បន្ថយ ការសាយភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស ជាកត្តាធ្វើកើនឡើង កំដៅជាសកល និងការប្រែប្រួលអាកាសធាតុ។

ថ្លែងទៅកាន់អង្គពិធី លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា នៅថ្ងៃនេះ មិនមែនគ្រាន់តែជាកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ តែជាការរួមគ្នា កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដើម្បីបរិស្ថានពិភពលោក របស់យើង ទាំងអស់គ្នា។ ទោះបីជាមានភាពងាយរងគ្រោះ ខ្ពស់ចំពោះការប្រែប្រួលអាកាស ធាតុក៏ដោយ ក៏ប្រទេសកម្ពុជា នៅតែប្តេជ្ញាចិត្ត កាត់បន្ថយ ឧស្ម័នកាបូនិច ដើម្បីធានានូវប្រសិទ្ធភាព នៃការប្រើប្រាស់ ធនធានធម្មជាតិ ការលើកកម្ពស់ គុណភាពជីវិត សម្រាប់ប្រជាជន ការរក្សាបាននូវលំនឹងជីវៈចម្រុះ និងបេតិកភណ្ឌធម្មជាតិ ដ៏សម្បូរបែប។

លោកបណ្ឌិត បានបន្តថា ការបណ្តាក់ទុនវិនិយោគដំឡើង រោងចក្រផលិតម៉ូតូអគ្គិសនី របស់សាធារណរដ្ឋកូរ៉េនាពេលនេះ គឺជាការវិនិយោគដែលបានគិតគូរ ពីបរិស្ថាន និងអាយុជីវិត របស់យើងទាំងអស់គ្នា ដោយសារការសាយភាយឧស្ម័ន ផ្ទះកញ្ចក់គឺកើនចេញពីវិស័យធំៗចំនួន៥គឺ ថាមពល ឧស្សាហកម្ម កសិកម្ម ការគ្រប់គ្រងសំនល់ និងដឹកជញ្ជូន។

គួរបញ្ជាក់ថា កន្លងមក ក្រសួងបរិស្ថាន បានចុះអនុស្សារណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) និងក្រុមហ៊ុនកូរ៉េVery Words Inc.ក្នុងគោលបំណង លើកកម្ពស់ និងជំរុញការ ប្រើប្រាស់មធ្យោបាយ ដឹកជញ្ជូនអគ្គិសនី និង គំនិតផ្តួចផ្តើម ជាច្រើនទៀត ក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការលើកកម្ពស់ គុណភាពបរិស្ថាននៅកម្ពុជា៕

To Top