ព័ត៌មានជាតិ

សម្តេចតេជោ ផ្តាំទៅថៃថា កុំយកបញ្ហាព្រំដែន បង្កការលំបាក ដល់អ្នកវិនិយោគ បរទេសទាំងសងខាង

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តាំទៅភាគីថៃថា សូមកុំយកបញ្ហាព្រំដែន ទៅលាយឡំជាមួយវិស័យផ្សេងទៀត ដូចជាស័យសេដ្ឋកិច្ច សង្គម និងទេសចរណ៍ ដែលនាំឲ្យប៉ះពាល់អ្នកវិនិយោគ ទាំងសងខាង។

សម្តេចតេជោមានប្រសាសន៍បែបនេះ ក្នុងឱកាសអនុញ្ញាតឲ្យលោក YOSHIHISA Kainuma Kainuma ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្ដែងការគួរសម នាថ្ងៃ២២ កក្កដា ។ ដោយក្នុងជំនួបនេះ នាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc.
បានលើកឡើងអំពីផលប៉ះពាល់នៃការបិទច្រកព្រំដែនរបស់ថៃ ចំពោះដំណើរការវិនិយោគរបស់ក្រុមហ៊ុនលោក ដូចជាផលលំបាក នៃការដឹកគ្រឿងផ្គុំ នៃខ្សែច្រវាក់ផលិតកម្ម របស់ក្រុមហ៊ុន រវាងប្រទេសទាំងពីរជាដើម ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភាបានលើកឡើងថា ជាកិច្ចឆ្លើយតបសម្តេចតេជោ បានជម្រាបអំពីឫសគល់ និងសកម្មភាពតាមអំពើចិត្តរបស់ថៃ ដែលធ្វើឲ្យមានភាពតានតឹង នៅតាមព្រំដែនកម្ពុជា-ថៃ ។ សម្តេចតេជោបានអំពាវនាវម្តងហើយម្តងទៀតទៅភាគីថៃថា កុំឲ្យបញ្ហានៅតំបន់ព្រំដែន មួយរីករាលដាលទៅតំបន់ផ្សេង និងពីវិស័យយោធា ទៅវិស័យសេដ្ឋកិច្ច សង្គម និងទេសចរណ៍ ។

ជាមួយគ្នានេះ សម្តេចតេជោបានលើកឡើងដោយក្តីសង្ឃឹមថា គួរមានដំណោះស្រាយអន្តរកាលមួយ ចំពោះក្រុមហ៊ុនបរទេសវិនិយោគឆ្លងដែន ដើម្បីជួយសម្រួលដល់ដំណើរខ្សែច្រវាក់ផ្គត់ផ្គង់ ទៅមករបស់ក្រុមហ៊ុន នៅក្នុងការវិនិយោគរបស់ខ្លួន ។

លោក ជា ធីរិទ្ធបន្តថា “ក្នុងឱកាសនោះសម្តេចបញ្ជាក់ថា ការបិទព្រំដែនជាឯកតោភាគីរបស់ថៃធ្វើឲ្យមានការពិបាកទៅដល់អ្នកវិនិយោគទាំងសងខាង។ សម្តេចតេជោបញ្ជាក់ថា ការបិទព្រំដែននេះ គឺភាគីថៃជាអ្នកបិទដោយខ្លួនឯង ដោយមិនបានចរចាជាមួយកម្ពុជាទេ គឺបិទជាឯកតោភាគី ក៏ប៉ុន្តែនៅពេលចង់បើកព្រំដែនវិញ បែរមកចង់ចរចាជាមួយកម្ពុជា ដើម្បីកុំឲ្យខ្លួនឯងអន់”។

សម្តេចប្រធានព្រឹទ្ធសភាបន្ថែមថា ជាជំហានដំបូងថៃមិនត្រឹមតែបិទព្រំដែនជាឯកតោភាគីនោះទេ ប៉ុន្តែថែមទាំងបានពង្រីកបន្តបន្ទាប់ និងគំរាមកម្ពុជា ដូចជាបញ្ហាអគ្គិសនី អ៊ីនធឺណិត និងប្រេង ឧស្ម័ន និង ថ្មីៗនេះ បញ្ហាការដើរជាន់មីនរបស់ទាហានថៃទៀត។ នៅក្នុងន័យនេះ សម្តេចបានជម្រាប អំពីការប្រកាន់គោលជំហររួម របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងបានគូសបញ្ជាក់ដោយស្នើក្រុមហ៊ុនពាំនាំទៅភាគីថៃ នូវជំហររបស់កម្ពុជា ចំពោះការបិទច្រកព្រំដែនជាឯក តោភាគីរបស់ថៃ ពោលគឺធ្វើយ៉ាងណាឲ្យស្ថានភាពវិលត្រឡប់ទៅរកមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥៕

To Top