ព័ត៌មានជាតិ

ក្រុមហ៊ុន AMH មកពីកាតា ចាប់អារម្មណ៍វិនិយោគ វិស័យកសិកម្មនៅកម្ពុជា

ភ្នំពេញ ៖ លោក Fahd Al-Dosaro ប្រធានផ្នែកទំនាក់ទំនងក្រុមហ៊ុន AMH មកពីប្រទេសកាតា នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានបង្ហាញការចាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជា ទៅលើវិស័យកសិកម្ម និងទេសចរណ៍ ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភាកម្ពុជា មានប្រសាសន៍ក្រោយបញ្ចប់កិច្ច ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក Fahd Al-Dosaro ប្រធានផ្នែកទំនាក់ទំនងក្រុមហ៊ុន AMHនាថ្ងៃ២២ កក្កដាថា មូលហេតុដែលក្រុមហ៊ុនលោកចាប់អារម្មណ៍ជាខ្លាំងមកលើកម្ពុជានោះ ដោយសារកម្ពុជាមានសុវត្ថិភាព សន្តិសុខល្អ និងសន្តិភាពពេញលេញដែលនេះគឺជាកក្តាអំណោយផលដល់ការវិនិយោគ។
លោកបន្តថា ការបង្វែរការចាប់អារម្មណ៍មកវិនិយោគនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ គឺលោកបានកំណត់យកកម្ពុជាជាប្រទេសដំបូងគេ ក្នុងការស្វែងរកឱកាសវិនិយោគ។

អ្នកនាំពាក្យព្រឹទ្ធសភាសង្កត់ធ្ងន់ថា “ក្រុមហ៊ុនលោកស្វែងរកឱកាសវិនិយោគ នៅកម្ពុជា ។ លោកបញ្ជាក់ថា ក្រុមហ៊ុនចាប់អារម្មណ៍ខ្លាំង នៅក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា លើវិស័យកសិកម្ម ជាពិសេសទេសចរណ៍បដិសណ្ឋារកិច្ច” ។

ជាកិច្ចឆ្លើយតប សម្តេចតជោបានស្វាគមន៍ចំពោះក្រុមហ៊ុន ដែលមានការចាប់អារម្មណ៍វិនិយោគលើកម្ពុជា ។ ដោយសម្តេចតេជោ បានលើកឡើងជាច្រើន ពីសក្តានុពលរបស់កម្ពុជា សម្រាប់ការវិនិយោគលើវិស័យផ្សេងៗទៀត ។ សម្តេចប្រធានព្រឹទ្ធសភាសង្កត់អ្វីដែលកម្ពុជាចង់បាននោះ គឺការកែច្នៃវិស័យកសិកម្ម ដើម្បីនាំចេញទៅលក់បន្ត នៅបណ្តាប្រទេសសនានាជុំវិញពិភពលោក។

វិស័យកសិកម្ម គឺជាវិស័យដ៏មានសារៈសំខាន់មួយសម្រាប់ជាតិ និងប្រជាជនកម្ពុជា ដែលវិស័យនេះត្រូវបានប្រមុខរាជរដ្ឋាភិបាល គិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងនោះក៏បានកំណត់ក្នុងគោលនយោបាយ អាទិភាពទាំង៦ចំណុចផងដែរ រួមមាន ៖ ការរក្សាលំ នឹងថ្លៃកសិផល ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទូទាំងប្រទេស និងការកសាងសហគមន៍ កសិកម្មទំនើបជាដើម ៕

To Top