ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វេីការណែនាំឱ្យស្នងការរាជធានីភ្នំពេញ រៀបចំផែនការបន្តបង្ក្រាបការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យបានម៉ឹងម៉ាត់បំផុត និង បានណែនាំឱ្យអភិបាលខណ្ឌទាំង១៤ ចុះសង្កេត ហើយបង្ក្រាប ឱ្យទទួលបានជោគជ័យ តាមបទបញ្ជា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការណែនាំរបស់លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ខាងលេីនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំដកស្រង់បទពិសោធន៍ នៃការងារបង្ក្រាបការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅរាជធានីភ្នំពេញ ជាបទបញ្ជារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដូច្នេះមន្ត្រីនិងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឹងម៉ាត់បំផុត ដើម្បីឱ្យការងារនេះ ទទួលបានជោគជ័យ បើទោះបីអនុវត្តបានល្អប្រសើរមួយកម្រិតហើយក្តី។

ក្នុងនោះលោក ឃួង ស្រេង បានបន្តថា ការងារនេះជាការងារ ដែលដាច់ខាត ត្រូវរួមគ្នា ត្រូវប្រឹងប្រែងទាំងអស់គ្នា សង្កេតឃើញកន្លែងណាសង្ស័យ ត្រូវបង្ក្រាបកន្លែងនោះ ពិសេសគឺយកភស្តុតាងឱ្យបាន ។ ក្នុងនាមអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ស្អាតស្អំ គឺមិនទាន់គ្រប់គ្រាន់ទេ លុះត្រាតែបង្ក្រាបលុបបំបាត់ឱ្យអស់ពីក្នុងមូលដ្ឋាន របស់ខ្លួនទើបគ្រប់គ្រាន់ និងត្រូវពិនិត្យទីតាំងស្នាក់នៅរួម របស់ជនបរទេសឱ្យបានម៉ត់ចត់និងម៉ឹងម៉ាត់ បើពួកគាត់ស្របច្បាប់ សុំកុំរំខានពួកគាត់ សូមធ្វើអ្វីដោយភាពត្រឹមត្រូវ។

បន្ថែមលេីនេះ លោកអភិបាលរាជធានី ក៏បានណែនាំឱ្យលោកស្នងការរាជធានីភ្នំពេញ រៀបចំផែនការបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យបានម៉ឹងម៉ាត់បំផុត និងបានណែនាំឱ្យអភិបាលខណ្ឌទាំង១៤លើកយកពីបញ្ហាប្រឈមនានា ដើម្បីរួមគ្នាដោះស្រាយ សំខាន់ឱ្យការងារ បង្ក្រាបការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះទទួលបានជោគជ័យ ទៅតាមបទបញ្ជារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។អភិបាលខណ្ឌទាំង១៤ ត្រូវដាក់ផែនការឱ្យបានច្បាស់លាស់ ដល់មេភូមិ ចៅសង្កាត់ តាមដានទីតាំងឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះ។ការងារនេះនៅតែបន្តធ្វើដោយភាពម៉ឹងម៉ាត់ និងគ្មានទីបញ្ចប់ រហូត ONLINE SCAMSអស់ពីរាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បានចំនួន១៦ទីតាំង និងឃាត់មនុស្សបាន៧៣៤នាក់ ក្នុងនេះមានជនសង្ស័យមួយចំនួន ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមទីតាំងដែលបង្ក្រាបបាននេះ មានចំនួន២ទីតាំងដែលបង្ក្រាបចំគោលដៅ នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)តែម្តង ដោយដកហូតបានវត្ដុតាងមួយចំនួនធំ៕

