ព័ត៌មានជាតិ

ADB នឹងបង្កើន កិច្ចសហប្រតិបត្តិការ លើគម្រោងកសាង ហេដ្ឋារចនាសម័ន្ធ គាំទ្រទេសចរណ៍ថ្មីបន្ថែមទៀត

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម រាយការណ៍ពីលទ្ធផលអនុវត្តគម្រោងកន្លងមក និងពិភាក្សាអំពីគម្រោងវិនិយោគ លើការកសាងហេដ្ឋារចនាសម្ព័ន្ធ គាំទ្រទេសចរណ៍ថ្មីបន្ថែម ជាមួយក្រសួងទេសចរណ៍ ដែលមានគោលដៅ ជំរុញការអភិវឌ្ឍវិស័យ ទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ ព្រមទាំងការលើកស្ទួយជីវភាពប្រជាជន ក្នុងសហគមន៍ នាទីស្តីការក្រសួង។

ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្លានេះ លោកស្រីនាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួង ដែលបានជួយផ្តល់ នូវកិច្ចសម្របសម្រួល និងសហប្រតិបត្តិការដ៏ល្អ នាពេលកន្លងមកដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលនាំមកនូវការបញ្ចប់ដោយជោគជ័យ នូវគម្រោងគាំទ្រវិស័យទេសចរណ៍ធំៗ និង សំខាន់ជាច្រើន ជាពិសេសគម្រោងកំពង់ផែ ទេសចរណ៍អន្តរជាតិខេត្តកំពត និងការអភិវឌ្ឍន៍តំបន់ឆ្នេរ។ តាមរយៈលទ្ធផលជាផ្លែផ្កាពីគម្រោងកន្លងមក កិច្ចសហការល្អជាមួយក្រសួងទេសចរណ៍ និងការចូលរួមចំណែក របស់វិស័យទេសចរណ៍ ដល់ជីវភាពប្រជាពលរដ្ឋ និងសហគមន៍ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកពីគម្រោងវិនិយោគ លើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រទេសចរណ៍ថ្មីៗ និងសំខាន់បន្ថែមទៀត ជាមួយក្រសួងទេសចរណ៍។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកស្រីនាយិកា ដែលតែងតែជួយជ្រោមជ្រែង និងគាំទ្រដល់រដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ និងប្រជាជនកម្ពុជារហូតមក តាមរយៈការបេ្តជ្ញាចិត្ត អនុវត្តគម្រោងវិនិយោគ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទេសចរណ៍ថ្មី និងក្នុងទំហំទឹកប្រាក់វិនិយោគដ៏ច្រើនបន្តទៀត ជាមួយក្រសួងទេសចរណ៍ ដែលពិតជាផ្តល់នូវអត្តប្រយោជន៍ដ៏ធំធេង ដល់សហគមន៍ និងប្រជាជនកម្ពុជា៕

To Top