ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស សុខា សម្ពោធអគារវិទ្យាស្ថាន អភិវឌ្ឍសហគ្រិនភាព និង បណ្ដុះបណ្ដាលធុរកិច្ច ក្នុងស្រុកកំចាយមារ

ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នៅថ្ងៃទី២២ កក្កដា នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារវិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាព និងបណ្ដុះបណ្ដាលធុរកិច្ច ១ខ្នង ២ជាន់ នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ដោយមានការចូលរួមពី លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាង ក្រសួងអប់រំ យុវជន និងកីឡា ។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានឱ្យដឹងថា វិទ្យាស្ថានថ្មីនេះ មានគោលបំណងបណ្ដុះបណ្ដាលសហគ្រិនភាពដល់យុវជន សិស្ស និស្សិតទាំងកំពុងសិក្សា និងក្រោយបញ្ចប់ការសិក្សា និងផ្ដល់ឱកាសឱ្យនិស្សិតបានហាត់ការអំពីការធ្វើអាជីវកម្ម ក្រោមការណែនាំ និងបណ្ដុះបណ្ដាលពីសាស្ដ្រាចារ្យ និងអ្នកជំនួញមានបទពិសោធន៍ខ្ពស់ មុនចេញទៅប្រកបអាជីវកម្មដោយខ្លួនឯង ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនឧស្សាហកម្ម សហគ្រាស និងមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចទាំងក្នុងប្រទេស និងក្រៅបរទេស។

ឈរលើគោលការណ៍គាំទ្រគ្នាទៅវិញទៅមកបែបប្រាកដនិយម ក្នុងឱកាសនោះដែរ វិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាព និងបណ្ដុះបណ្ដាលធុរកិច្ច បានចុះអនុស្សរណៈនៃការយោគយល់ ជាមួយ សហគ្រិនខ្មែរ ក្រោមអធិបតីដឹងដោយ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងលោក ហែម វណ្ណឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លោក ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិនៃ សហគ្រិនខ្មែរ បានលើកឡើងថា ដើម្បីជំរុញការវិនិយោគលើការអភិវឌ្ឍសហគ្រិនភាពពីកម្រិតមូលដ្ឋាន សហគ្រិនខ្មែរ កំពុងបង្កើតនូវមូលដ្ឋានគ្រឹះសម្រាប់សេដ្ឋកិច្ចជាតិប្រកបដោយបរិយាបន្ន និងចីរភាព ខណៈឯកឧត្តមបណ្ឌិត សិត ខន បានគូសបញ្ជាក់ថា អនុស្សរណៈយោគយល់នេះ មានគោលដៅ ក្នុងការបណ្តុះសហគ្រិនមានទេពកោសល្យ និងកសាងមូលដ្ឋានរឹងមាំសម្រាប់ អនាគតកម្ពុជា។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចរៀបចំសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ទៅជាមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល មុនគេបង្អស់នៅកម្ពុជា។ ក្នុងឆ្នាំសិក្សាថ្មី ២០២៤-២០២៥ មជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ មានសិស្ស និស្សិតកំពុងសិក្សាសរុបចំនួន៦,៦៨៧នាក់ រួមមាន មត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ វិទ្យាស្ថានអប់រំបច្ចេកទេសវិជ្ជាជីវៈ វិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាព និងបណ្ដុះបណ្ដាលធុរកិច្ច និងសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ៕

To Top