ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា, លោក ថងសាវណ្ណ កុមវិហាន (Thongsavanh PHOMVIHANE) រដ្ឋមន្ត្រីការបរទេសឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។
បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបទេសកម្ពុជា នៅថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ លោក ថងសាវណ្ណ ភុមវិហាន នឹងមានព្រះរាជសវនាការ ជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី។
លោករដ្ឋមន្ត្រីការបរទេសឡាវ ក៏នឹងមានជំនួបទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកម្ពុជា-ឡាវ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការ នាពេលខាងមុខនេះ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការធ្វើឱ្យ កាន់តែស៊ីជម្រៅនូវចំណងមិត្តភាព ជាប្រពៃណីដ៏យូរអង្វែង រវាងប្រជាជនទាំងពីរ៕
