ភ្នំពេញ៖ ស្របនឹងការផ្សព្វផ្សាយ ស្តីពីការធ្វើទុក្ខបុកម្នេញនៅប្រទេសថៃ ចំពោះពលករ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវជាថ្មីម្តងទៀត នៅថ្ងៃទី២២ ខែកក្កដានេះ ទៅដល់ពលករខ្មែរ និង ពលរដ្ឋដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃ ឱ្យត្រឡប់មកស្រុកកំណើតវិញ ដោយស្វែងរកឱកាសការងារក្នុងស្រុកជំនួស ។

ការអំពាវនាវជាថ្មីនេះគឺធ្វើឡើង ស្របពេលដែលមាន ការផ្សព្វផ្សាយពីបណ្តាញសារព័ត៌មានក្នុងស្រុកជាច្រើនថា ពលរដ្ឋខ្មែរដែលមិនមានឯកសារ គ្រប់គ្រាន់ត្រូវបានថៅកែក្នុងប្រទេសថៃ ធ្វើទុក្ខបុកម្នេញដូចជា ផ្តាច់ការផ្គត់ផ្គង់ទឹក-ភ្លើង និងមិនបើកប្រាក់ខែឱ្យជាដើម។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា បច្ចុប្បន្នកម្ពុជាកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណ ២៥ម៉ឺនកន្លែង ដែលជាការងារនៅក្នុងស្រុក សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូបអាចចូលធ្វើការដោយគ្មានការធ្វើបាប ឬរំលោភបំពានឡើយ។

លោក ស៊ុន មេសា បញ្ជាក់ថា៖ “ឱកាសការងារ នៅកម្ពុជាមានប្រមាណជាង ២៥ម៉ឺនកន្លែង ជាពិសេសវិស័យឧស្សាហកម្ម ដែលកំពុងផ្តល់ឱកាស ដល់ពលរដ្ឋយើងដែលពេញកម្លាំង បើទោះបីជាមានបទពិសោធន៍ ឬគ្មានបទពិសោធន៍ឱ្យចូលធ្វើការ។ ដូចនេះបងប្អូនខ្មែរយើង ឬពលករដែលចង់បានការងារ សូមទាក់ទងលេខទូរសព្ទ ១២៩៧ ដើម្បីទទួលបានការងារភ្លាមៗ” ។
បន្ថែមពីនេះ លោក ស៊ុន មេសា បានលើកឡើងពីហានិភ័យនៃការធ្វើចំណាកស្រុក ដោយខុសច្បាប់ ដូចជាការរំលោភបំពានពីនិយោជក ការមិនផ្តល់អត្ថប្រយោជន៍ ស្របតាមច្បាប់ ឬការចុះអធិការកិច្ចពីអាជ្ញាធរ ម្ចាស់ប្រទេសដែលនាំដល់ការចាប់ខ្លួនជាដើម។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវឱ្យពលរដ្ឋខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ ជ្រើសរើសឱកាសការងារក្នុងស្រុក និងមិនត្រូវប្រថុយប្រថានត្រឡប់ ទៅធ្វើការដោយខុសច្បាប់នៅប្រទេសថៃ នោះឡើយក្នុងខណៈដែលប្រទេសទាំងពីរ កំពុងបន្តមានអរិភាពតាមបន្ទាត់ព្រំដែន។

សូមរំលឹកផងដែរថា ដើម្បីជួយផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការបានរៀបចំចែកខិតបណ្ណឱកាសការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដោយឥតគិតថ្លៃ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមក្នុងមណ្ឌលសំចត ឬកន្លែងទទួលពលករ នៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជានិងថៃចំនួន ៦កន្លែង។ បន្ថែមពីនេះ សម្រាប់ពលករដែលវិលមក ដល់ស្រុកកំណើត ក្រសួងការងារ បានដឹកនាំវិស័យឯកជន និងភាគីពាក់ព័ន្ធ ចុះផ្តល់ព័ត៌មានពីឱកាសការងារ ដល់ស្រុកភូមិដើម្បីធានាថា បងប្អូនពលករទទួលបានព័ត៌មាន ស្តីពីឱកាសការងារគ្រប់គ្នា៕
