ព័ត៌មានជាតិ

សម្ដេចធិបតី អំពាវនាវ គ្រប់ភាគី បង្កើនការចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រឆាំង អំពើរំលោភបំពាន គ្រប់រូបភាព

កណ្ដាល ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការប្រឆាំង អំពើរំលោភបំពានគ្រប់រូបភាព នៅទូទាំងប្រទេសកម្ពុជា ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលផ្កាឈូក អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា ដែលមានទីតាំងនៅខេត្តកណ្ដាល នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន ថ្លែងអំណរគុណដល់ មូលនិធិកុមារកម្ពុជា ក៏ដូចជា អង្គភាពការពារកុមារ ដែលបានចូល រួមក្នុងប្រតិបត្តិការ ថែទាំ គាំពារ និងផ្ដល់ក្ដីសង្ឃឹម ដល់កុមារកម្ពុជា ដែលរងគ្រោះ និងងាយរងគ្រោះនៅកម្ពុជា។

សម្ដេចធិបតី មានប្រសាសន៍ថា «ខ្ញុំ សូមអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្ដរជាតិ សូមបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងយុទ្ធនាការប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាព នៅទូទាំងប្រទេសកម្ពុជា»។

សម្ដេចធិបតី បន្ដថា អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា គឺជាសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាង អគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គការមូលនិធិកុមារកម្ពុជា ។ អង្គភាពការពារកុមារ នេះ ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០១៣ ជាមួយគោលបំណង ក្នុងជ្រុំជ្រែងគ្រប់ជ្រុងជ្រោយ នៅក្នុងការស៊ើបអង្កេត និងកិច្ចគាំពារកុមារងគ្រោះ ដោយសារបទល្មើស បៀតបៀនកេងប្រវ័ញ្ច។

សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងទៀតថា លើសពីនេះ អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា មានចក្ខុវិស័យ វែងឆ្ងាយ និងបេសកម្មច្បាស់លាស់ និងគុណតម្លៃត្រឹមត្រូវ សម្រាប់ដឹកនាំអង្គភាព ឱ្យទទួលបានជោគជ័យ៕

To Top