ព័ត៌មានជាតិ

សម្តេចធិបតី៖ រាជរដ្ឋាភិបាល ប្តេជ្ញាបន្តយកចិត្តទុកដាក់ ចំពោះដៃគូ NGO ដែលធ្វើការពិតប្រាកដ ជាប្រយោជន៍ សម្រាប់ពលរដ្ឋកម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែងរំលឹកថា សម្តេចតេជោ បានយកចិត្តទុកដាក់ណាស់ ចំពោះដៃគូ NGO ផ្សេងៗ ដែលធ្វើការពិតប្រាកដ ខណៈរាជរដ្ឋាភិបាល អាណត្តិទី៧នេះ ក៏បន្តប្តេជ្ញាចិត្តធ្វើការគាំទ្រ ទៅដល់សកម្មភាពដៃគូររបស់កម្ពុជា ដូចជាអង្គការសង្គមស៊ីវិល អង្គការអន្តរជាតិ ដែលធ្វើការជាមួយគ្នា ដោយពិតប្រាកដ ក្នុងការជួយដល់ប្រជាពលរដ្ឋ ជាពិសេសនៅសហគមន៍ដែលត្រូវការជំនួយ ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលផ្កាឈូក របស់អង្កការមូលនិធិកុមារកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ ស្ថិតនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាលសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លោក Scott Neeson ស្ថាបនិកមូលនិធិកុមារកម្ពុជា បានលះបង់ជាច្រើន ដើម្បីបានមកធ្វើការដោយបេះដូង ជាមួយនឹងប្រជាពលរដ្ឋកម្ពុជា តួរយ៉ាងមួយឆ្នាំៗ បានចេញទៅរៃអង្គាសថវិកាជាច្រើន ដើម្បីកុមារកម្ពុជា និងបានឃើញលទ្ធផលជាក់ស្តែង ។

ក្នុងនោះសម្តេចធិបតី បានចាត់ទុក កិច្ចការងារដ៏ពិតប្រាកដ និងស្មោះត្រង់ របស់អង្គភាព មូលនិធិកុមារកម្ពុជា គឺជាដៃគូរដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបំពេញការងារដោយបេះដូង​ ក្នុងការជួយសង្គ្រោះកុមារកម្ពុជា។

សម្តេចធិតបី បានរំលឹកថា សម្តេចតេជោ លោកយកចិត្តទុកដាក់ណាស់ ចំពោះដៃគូ NGO ផ្សេងៗ ដែលធ្វើការពិតប្រាកដ ដើម្បីរួមគ្នាជួយប្រជាពលរដ្ឋយើង នេះគឺជាការពិត កម្ពុជាមានដៃគូររាប់រយរាប់ពាន់ នៅក្នុងប្រទេស សិទ្ធិសេរីភាពរបស់ NGO ដែលធ្វើការជាដៃគូរ របស់កម្ពុជាល្អ ធ្វើការដោយបេះដូង ធ្វើការដោយពិតប្រាកដ នៅក្នុងការជួយប្រជាពលរដ្ឋ របស់កម្ពុជា ជាការឆ្លើយតបនៅទីនេះ គឺជាអ្វីដែលលទ្ធផលជាក់ស្តែង នៅក្នុងការបង្កើននូវផលប្រយោជន៍បន្ថែមៗ​ ជូនសហគមន៍របស់ ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភានេះ ក៏នៅបន្តប្តេជ្ញាចិត្តជួយ ធ្វើការគាំទ្រទៅដល់សកម្មភាពដៃគូររបស់កម្ពុជា ដូចជាអង្គការសង្គមស៊ីវិល អង្គការអន្តរជាតិ ដែលធ្វើការជាមួយគ្នា ក្នុងការជួយដល់ប្រជាពលរដ្ឋ ជាពិសេសនៅសហគមន៍ដែលត្រូវការជំនួយ សហគមន៍ក្រក្រ ឬមួយកុមការ និងស្ត្រីដែលរងគ្រោះផងដែរ៕

To Top