ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ យុវជនសម័យនេះ ឱកាសក៏មាន សាលារៀនក៏សម្បូរ គ្រូក៏ពូកែ

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិន ក្នុងកម្មវិធីបាឋកថានៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ នេះ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា យុវជនសម័យនេះ ឱកាសក៏មាន សាលារៀនក៏សម្បូរ គ្រូក៏ពូកែ។

ចំណែកឯគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏លើកទឹកចិត្តយ៉ាងខ្លាំងដល់ការសិក្សារបស់យុវជន។ ជាក់ស្តែង នៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ការអភិវឌ្ឍមូលធនមនុស្សត្រូវបានចាត់ទុកជាអាទិភាពទី១។ នេះជាការគូសបញ្ជាក់របស់ លោក ប៉ែន បូណា នៅចំពោះមុខនិស្សិតរាជបណ្ឌិត្យសភាកម្ពុជា។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តថា រាជរដ្ឋាភិបាល ក៏មានគោលនយោបាយយកចិត្តទុកដាក់ ថែទាំទារកនិងកុមារក្នុងគ្រួសារក្រីក្រចាប់តាំងពី ការចាប់កំណើតក្នុងផ្ទៃនៃមាតា រហូតដល់អាយុ២ឆ្នាំ និងបន្តជួយផ្តល់អាហារូបករណ៍រហូតដល់រៀនចប់ថ្នាក់មធ្យមសិក្សា។ ចំពោះយុវជនដែលគ្មានលទ្ធភាពបន្តការសិក្សាទៅសាកលវិទ្យាល័យ ក៏ត្រូវបានរដ្ឋាភិបាលផ្តល់ការបណ្តុះបណ្តាល ជំនាញបច្ចេកទេសវិជ្ជាជីវៈដោយឥតគិតថ្លៃ ថែមទាំងឧបត្ថម្ភថវិកាសម្រាប់ការសិក្សាទៀតផង។ ដូច្នេះ យុវជនសម័យនេះ ពិតជាមានសំណាងណាស់ដែលរស់ ក្នុងសង្គមបរិយាកាសដ៏អំណោយផលសម្រាប់ការសិក្សាបែបនេះ។ ខុសពីយុវជនជំនាន់មុនដែលឱកាសក៏អត់ សាលារៀនក៏គ្មាន បើបានរៀនក៏ក្នុងស្ថានភាពហួសវ័យ និងលំបាកលំបិន។

ទោះយ៉ាងណា លោក ប៉ែន បូណា បានជំរុញលើកទឹកចិត្តឱ្យយុវជនចេះ ចាប់យកឱកាសដ៏អំណោយផលនេះដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាមូលធនមនុស្សពិតប្រាកដសម្រាប់ប្រទេសជាតិ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលសង្កត់ធ្ងន់ថា ទោះបីជាបរិយាកាសអំណោយផលយ៉ាងណាក៏ដោយ បើយុវជនមិនខិតខំប្រឹងប្រែងដោយខ្លួនឯងទេ ឱកាសនឹងមិនរត់រកពួកគេឡើយ។ ក្នុងន័យនេះ លោក ក៏បានចែករំលែកអំពីវិធីសាស្ត្រមួយចំនួន ដើម្បីក្លាយខ្លួនជាមនុស្សពូកែ លេចធ្លោ ពោរពេញដោយចំណេះដឹង និងសីលធម៌ល្អ។

សូមបញ្ជាក់ថា បាឋកថានេះ មានគោលបំណងបញ្ជ្រាបការយល់ដឹងពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា លើកទឹកចិត្តដល់និស្សិតក្នុងការ អភិវឌ្ឍមូលធនមនុស្សដ៏ពេញលេញ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណអាណត្តិទី៧ យល់ដឹងពីជ្រុងនៃព័ត៌មាន ដើម្បីជាប្រភពនៃការសិក្សាស្រាវជ្រាវ និងការសម្រេចចិត្ត និងលើកកម្ពស់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ឱ្យសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់៕

To Top