ព័ត៌មានជាតិ

អាជ្ញាធរខេត្តស្វាយរៀង​ ដុតបំផ្លាញ វត្ថុតាងគ្រឿងញៀន ជាង២៤៧គីឡូក្រាម

ស្វាយរៀង ៖ លោក ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត លោក ប៉េង​ ពោធិ៍​សា អភិបាល ខេត្តស្វាយរៀង​ និងជាប្រធានគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្ត​ និង លោកឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ​នៅព្រឹកថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៥ បានអញ្ជេីញប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន នៅខេត្តស្វាយរៀង ក្រោមប្រធានបទ« រួមគ្នា បង្កា ទប់ស្កាត់ និងកាត់ផ្តាច់ឬសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា »។

នៅក្នុងឱកាសនោះលោកប៉េង ពោធិ៍សា អភិបាលខេត្ត​ និង ជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ បានមានប្រសាសន៍ផ្តាំផ្ញេី និងដាក់ចេញនូវគោលដៅ​មួយចំនួន ក្នុងការលើកកម្ពស់ប្រសិទ្ធភាព ការងារបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងខេត្តស្វាយរៀង ត្រូវយកចិត្តទុកដាក់អនុវត្តនូវសារលិខិត របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ដូចជា ខ្លឹមសារប្រធានបទនៅក្នុងឆ្នាំនេះ ឲ្យចេញជាសកម្មភាពពិត និងលទ្ធផលជាក់ស្តែង នៅក្នុង មូលដ្ឋាន ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ការប្រើប្រាស់ ការកែច្នៃ និងការជួញដូរគ្រឿងញៀន ខុសច្បាប់ឲ្យកាន់តែមាន ប្រសិទ្ធភាពថែមទៀត ។

លោកប៉េង ពោធិ៍សា បានស្នើដល់គ្រប់អង្គភាពអនុវត្តច្បាប់ កងកម្លាំង និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សូមឈរលើស្មារតី «៣ កុំ ១ រាយការណ៍» គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវ រាយការណ៍ ដោយត្រូវមានភាពម៉ឺងម៉ាត់ច្បាស់លាស់ និងប្រើប្រាស់វិធានក្តៅដោយគ្មានការ លើកលែង ក្នុងការបង្ក្រាបបទឧក្រិដ្ឋគ្រឿងញៀន បង្ក្រាបឲ្យបានដល់មេក្លោងចែកចាយ ដើម្បី កាត់ផ្តាច់ចរន្តទីផ្សារ ឈានទៅលុបបំបាត់ឲ្យបាននូវឫសគល់ នៃបញ្ហាគ្រឿងញៀនក្នុងសហគមន៍ ។ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេស នៅតំបន់ព្រំដែន ត្រូវពង្រឹងយន្តការត្រួតពិនិត្យ នៅតាមច្រកទ្វារព្រំដែននានាក្នុងខេត្ត ឲ្យបាន តឹងរ៉ឹងបំផុត ទប់ស្កាត់ឲ្យបានការនាំចូល នូវសារធាតុគីមីផ្សំគ្រឿងញៀនគ្រប់ប្រភេទ ។

លោកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងគ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ សូមជួយសហការ រាយការណ៍ជាបន្ទាន់ ក្នុងករណីបានដឹងព័ត៌មានដើម្បីឈានទៅបង្ក្រាបរាល់ បទល្មើសផលិត ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍របស់យើង។ ទន្ទឹមនេះបងប្អូនអាចទាញយក និងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ No Drug ដើម្បីធ្វើការ រាយការណ៍បានផងដែរ។

ជាមួយគ្នានេះ លោកអភិបាលខេត្តបានថ្លែងអំពាវនាវ ដល់អាណាព្យាបាល មាតាបិតាសិស្សទាំងអស់ សូមបង្កើនការពិនិត្យ និងតាមដាន ចំពោះការសិក្សារបស់កូនៗឲ្យបានទៀងទាត់ និងសហការ ឲ្យបានជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូទទួលបន្ទុកថ្នាក់រៀននីមួយៗ ដើម្បីជាយន្តការមួយ ដាស់តឿន ក្រើនរំលឹកដល់កូនៗរបស់ខន ឲ្យពួករករគេចផុត ពីការប្រឈមមុខខ្លាំងដោយបញ្ហាគ្រឿងញៀន។

សូមបញ្ជាក់ថា នៅចុងបញ្ចប់ នៃកម្មវិធី លោកអភិបាលខេត្ត​និង ជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ រួមទាំងគណៈអធិបតី បានអញ្ជេីញធ្វេីការពិនិត្យនិងដុតបំផ្លាញវត្ថុតាងគ្រឿងញៀន ដែលរឹបអូសបានមានទម្ងន់សរុប ២៤៧ ៦៤៨,២២ ក្រាម ស្មើនឹង២៤៧,៦៤៨២២ គ.ក្រ ព្រមទាំងសម្ភារៈវេចខ្ចប់​ និងការប្រេីប្រាស់គ្រឿងញៀនមួយចំនួនទៀត៕

To Top