ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា យុទ្ធសាស្ត្រមួយល្អ លុះត្រាតែយុទ្ធសាស្រ្តនោះ ត្រូវបានយកទៅអនុវត្តជាក់ស្តែងបាន ដើម្បីសម្រេចគោលដៅ តាមការគ្រោងទុក ។

ក្នុងឱកាសដឹកនាំប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីធ្វើបទបង្ហាញអំពីសមិទ្ធផលការងារ និងផ្តល់យោបល់ អំពីអភិបាលកិច្ច ផែនការយុទ្ធសាស្រ្តវឌ្ឍនភាព វិស័យសុខាភិបាល កាលពីថ្ងៃ២២ កក្កដា សាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកឡើង ពីចំណុចសំខាន់ៗ ចំពោះអភិបាលកិច្ច និងផែនការយុទ្ធសាស្រ្តវឌ្ឍនភាព នៃវិស័យសុខាភិបាលរួមមាន ៖ ស្ថានភាពសុខភាពស្មុគស្មាញថ្មី កត្តាប្រឈម យុទ្ធសាស្រ្តនៃការសម្របសម្រួលលើការឆ្លើយតប ការស្ម័គ្រចិត្ត និងបុរេសកម្ម វិធីសាស្រ្ត គោលដៅសំខាន់ៗ លទ្ធផលសង្គមដែលចង់បាន និងសេចក្តីសន្និដ្ឋាន ។

កិច្ចប្រជុំនេះ ដឹកនាំដោយលោក រៀល ខេមរិន្រ្ទ ប្រធានប្តូរវេនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់៕












