ព័ត៌មានជាតិ

ក្នុងឆមាសទី១ បទល្មើសធនធានធម្មជាតិ បង្ក្រាបបាន ៩៨៦ករណី និងបញ្ជូនសំណុំរឿងទៅតុលាការ ចំនួន ៩១ករណី

ភ្នំពេញ ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៥ បទល្មើសធនធានធម្មជាតិ ត្រូវបានបង្រ្កាបមានចំនួន ៩៨៦ករណី ហើយទិន្នន័យនេះមានការថយចុះចំនួន ៣៦៨ករណី បើប្រៀបធៀប នឹងការពង្រឹងការអនុវត្តច្បាប់ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ តាមតំបន់ការពារធម្មជាតិ ក្នុងរយៈពេលដូចគ្នា នាឆ្នាំ២០២៤ ដែលមានរហូតដល់១៣៥៤ករណី ។

លើសពីនេះ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ បានរឹបអូសវត្តុតាង រួមមាន រណាយន្ត ៤៥០គ្រឿង គោយន្តចំនួន៥៩គ្រឿង រថយន្ត១៥គ្រឿង ម៉ូតូចំនួន៤៥គ្រឿង អេស្ការចំនួន ៣គ្រឿង និងមធ្យោបាយធ្វើដំណើរនិងដឹកជញ្ជូនបទល្មើសមួយចំនួនទៀត។ នៅក្នុងរយៈដូចគ្នាដែរ មន្រ្តីឧទ្យានុរក្ស បានដកហូត អន្ទាក់ឆក់ ចំនួន ៤៣២ម និងអន្ទាក់ខ្សែបានចំនួន១១ ៣៣៦ខ្សែ អាវុធចំនួន ៨ដើម គ្រាប់ចំនួន ១០៨គ្រាប់ កាំភ្លើងកែច្នៃ ចំនួន ១២៩ដើម រួមជាមួយវត្ថុចាប់យកមួយចំនួនទៀត ។ ដោយឡែក ក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០២៥នេះដែរ សមត្ថកិច្ចក្រសួងបរិស្ថាន បានចាត់ការបញ្ជូន សំណុំរឿងបទល្មើស ទៅតុលាការ បានចំនួន៩១ ករណី និងជនសង្ស័យចំនួន៧២នាក់។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា ជារួមចំនួនបទល្មើសនិងករណីការ បង្ក្រាបបទល្មើសនៅក្នុងឆមាសទី១ ឆ្នាំ២០២៥ មានការថយចុះច្រើន ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២៤ ។

អ្នកនាំពាក្យ រូបនេះ បានបន្តថា ការថយចុះករណីបទល្មើស គឺពិតជាកើតឡើង ដោយសារកិច្ចខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំ និងមន្រ្តីឧទ្យានុរក្ស របស់ក្រសួងបរិស្ថាន សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ សមត្ថកិច្ចគ្រប់ប្រភេទ រួមជាមួយប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន ចូលរួមអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តមានជាធរមាន ដើម្បីធានាការការពារ និងអភិរក្សធនធានធម្មជាតិ សម្រាប់ការរស់នៅដោយចីរភាព ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានដាក់ចេញអនុវត្តយុទ្ធសាស្រ្ត ចក្រាវិស័យបរិស្ថាន ដែលក្នុងសសរស្តម្ភទី២ គឺ«ភាពបៃតង» ផ្តោតលើយុទ្ធសាស្រ្ត អាទិភាពចំនួន៣គឺ ទី(១)ពង្រីកចលនាដាំដើមឈើ ទី(២)ជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងទី(៣)លើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន ៕

To Top