ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា ៖ កម្ពុជាជ្រើសរើសសន្តិភាព និងច្បាប់អន្តរជាតិ សម្រាប់ដំណោះស្រាយ យូរអង្វែង ចំពោះវិវាទព្រំដែន ជាមួយប្រទេសថៃ ដោយថ្កោលទោស «យុទ្ធសាស្ត្រកខ្វក់» របស់ប្រព័ន្ធផ្សព្វផ្សាយថៃ

សៀមរាប ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបពិភាក្សាការងារជាមួយលោក Ye Tint អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន សហភាពមីយ៉ាន់ម៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសារព័ត៌មាន នៃប្រទេសទាំង២ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ក្នុងក្នុងឱកាសដឹកនាំគណៈប្រតិភូ ចូលរួមើកក្នុងសន្និសីទកំពូល ប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ (20th Asia Media Summit) ក្រោមប្រធានបទ “អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ” នាសណ្ឋាគារសុខាសៀមរាប នៅខេត្តសៀមរាប ។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយវិវាទព្រំដែន បច្ចុប្បន្នរបស់ខ្លួន ជាមួយប្រទេសថៃ ដោយសន្តិវិធី និងផ្លូវច្បាប់ ខណៈរិះគន់ប្រព័ន្ធផ្សព្វផ្សាយថៃថា ប្រើប្រាស់ព័ត៌មានមិនពិត និង “យុទ្ធសាស្ត្រកខ្វក់” ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះព្រះរាជាណាចក្រកម្ពុជា ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីព័ត៌មាន ក្លែងក្លាយទាក់ទងនឹងបញ្ហាព្រំដែន ។

ក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរបានបង្ហាញ ពីបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។ លោករដ្ឋមន្ត្រី ភក្ត្រា បានប្រាប់សមភាគីមីយ៉ាន់ម៉ា អំពីភាពតានតឹង នៅតាមព្រំដែន ដែលកំពុងបន្តរវាងកម្ពុជា និងថៃ ដោយកត់សម្គាល់ថា រដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង ដោះស្រាយបញ្ហានេះតាមរយៈបណ្តាញស្របច្បាប់ ។

លោក ភក្ត្រា លើកឡើងថា កម្ពុជាកំពុងស្វែងរកវិធានការផ្លូវច្បាប់ ពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) លើតំបន់ជម្លោះចំនួនបួន រួមមាន ប្រាសាទតាមូនធំ ប្រាសាទតាមូនទូច ប្រាសាទតាក្របី និងតំបន់មុំបី ។ កម្ពុជា ជឿជាក់យ៉ាងមុតមាំថា ការទាមទារយន្តការច្បាប់មិនលម្អៀងនេះ គឺជាផ្លូវប្រកប ដោយប្រសិទ្ធភាព និងសន្តិភាពបំផុតឆ្ពោះទៅរកដំណោះស្រាយដ៏ត្រឹមត្រូវ និងយូរអង្វែង ។

លោកបានមានប្រសាសន៍ថា “កិច្ចខិតខំប្រឹងប្រែងរបស់យើងទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាពលរដ្ឋកម្ពុជា” ដោយសង្កត់ធ្ងន់ថា ជម្លោះកាន់តែអាក្រក់ទៅៗ ដោយព័ត៌មានមិនពិត ដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយធំៗ របស់ប្រទេសថៃ ដែលលោកចាត់ទុកថា ជាការប្រើប្រាស់ “យុទ្ធសាស្ត្រកខ្វក់” ដើម្បីចោទប្រកាន់កម្ពុជា ដោយអយុត្តិធម៌ ។

លោកបន្ថែមថា ដើម្បីប្រឆាំងនឹងការចោទប្រកាន់ទាំងនេះ កម្ពុជាបានចេញផ្សាយព័ត៌មានពិត ជាប្រចាំជាការឆ្លើយតប ។
លោក ភក្ត្រា ក៏បានគូសបញ្ជាក់ផងដែរថា បញ្ហាព័ត៌មានមិនពិតត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីផ្ទាល់ ដែលអ្នកចូលរួមបានពិភាក្សា អំពីរបៀប ដែលប្រទេសមួយចំនួនមានចេតនាបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះអ្នកដទៃ និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ពួកគេ។ ប្រទេសដែលចូលរួមកិច្ចប្រជុំកំពូល បានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពបែបនេះ ។

ជាការឆ្លើយតប លោកអនុរដ្ឋមន្ត្រី Ye Tint បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ភក្ត្រា ដែលបានចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយទទួលស្គាល់ថា ព្រះរាជាណាចក្រកម្ពុជា បានអនុវត្តវិធានការប្រឆាំងព័ត៌មាន មិនពិតប្រកបដោយប្រសិទ្ធភាពរួចហើយ ។
លោកក៏បានសរសើរកម្ពុជា ដែលបានទទួលជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០។
លោកYe Tint បានបន្តការអញ្ជើញលោករដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅមីយ៉ាន់ម៉ានាពេលខាងមុខ ។
នៅក្នុងជំនួបទ្វេភាគីនេះ ភាគីទាំងពីរបានអះអាងសារជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ពួកគេក្នុងការបង្កើនកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសផ្នែកព័ត៌មាន និងទំនាក់ទំនង និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាកង្វល់ខ្លាំងទាំងក្នុងតំបន់ និងសកលលោក៕

To Top