ព័ត៌មានជាតិ

អ្នកនាំពាក្យការពារជាតិ ៖ មកដល់ព្រឹកនេះ មិនមានការបាញ់ប្រហារតាមដែនទឹកពីភាគីថៃទេ

ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានអះអាងថា រហូតមកដល់ព្រឹកថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០២៥នេះ មិនមានការបាញ់ប្រហារតាមផ្លូវទឹកពីភាគីថៃនោះទេ ។

ការលើកឡើងរបស់លោកស្រីអ្នកនាំពាក្យបែបនេះ បន្ទាប់ពីសារព័ត៌មានថៃបានចេញផ្សាយជាបន្តបន្ទាប់ថា កងទ័ពខ្លួនបានបន្តវាយប្រហារកម្ពុជាតាមរយៈផ្លូវទឹកមួយផ្នែកទៀត ប៉ុន្តែក្នុងសន្និសីទស្តីពីការវិវឌ្ឍនៃការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងថៃនាព្រឹកថ្ងៃ២៧ កក្កដានេះ លោកស្រី ម៉ាលី សុជាតា បានថ្លែងតបទៅវិញថា មិនមានការបាញ់ប្រហារតាមផ្លូវទឹកឡើយ។

លោកស្រីបញ្ជាក់ថា “ពីម្សិលមិញក៏រងការគំរាមកំហែង និងការចោទប្រកាន់ពីភាគីថៃគឺនៅក្នុងភូមិសាស្រ្តដែនទឹករបស់កម្ពុជា-ថៃ ។ កងទ័ពជើងទឹកបានផ្តល់ព័ត៌មានមកថា តាំងពីម្សិលមិញ មកដល់ម៉ោងនេះ គឺស្ថានភាពស្ងប់ស្ងាត់ធម្មតា មិនមានការបាញ់ប្រហារពីភាគីថៃទេ”។

ទោះបីជាយ៉ាងណាលោកស្រីអះអាងថា គឺមានការបង្ហោះដ្រូនចូលមកទឹកដីកម្ពុជាចំនួន៥លើក ។ ក្នុងនោះ៣លើក បង្ហោះនៅលើកោះយ៉រ , ១លើកទៀត នៅឆៀងខាងលិចកោះយ៉រ និង ១លើកទៀត នៅកោះកុងក្រៅ ស្ថិតលើទឹកដីខេត្តកោះកុង។

បើតាមលោកស្រីអ្នកនាំពាក្យ ចាប់តាំងពីម៉ោង២រំលងអាធ្រាត្រ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ទាហានថៃចាប់ផ្តើមវាយប្រហារមកលើកម្ពុជា ដោយផ្លោងមកកាន់តំបន់វាលឥន្ទ្រី និងបន្តតំបន់មួយចំនួនទៀត៕

To Top