ព័ត៌មានជាតិ

អ្នកនាំពាក្យ ក្រសួងការបរទេស ៖ កម្ពុជា ទទួលបានការគាំទ្រកើនឡើង ពីសហគមន៍អន្តរជាតិ ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ ក្រោយពីមានការឈ្លានពាន ពីសំណាក់កងកម្លាំងប្រដាប់អាវុធ របស់កងទ័ពថៃ មកលើទឹកដីកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការដោះស្រាយ និងសុំកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ដោយក្នុងនោះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា កម្ពុជា ទទួលបានការកើនឡើង នូវការគាំទ្រពីសហគមន៍អន្តរជាតិ​ ចំពោះជំហរប្រកបដោយសុច្ឆន្ទៈរបស់កម្ពុជា ។

ការគូសបញ្ជាក់ របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យខាងលើនេះ ធ្វើឡើងក្នុងសន្នីសីទស្តីពី «បច្ចុប្បន្នភាពនៃការឈ្លានពាន របស់កងទ័ពថៃ មកលើទឹកដីកម្ពុជា» នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ។

ក្នុងនោះលោក ជុំ សុន្ទរី បានគូសបញ្ជាក់ថា បើពិនិត្យទៅលើការផ្សាយព័ត៌មាន របស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ កាលពីម្សិលមិញថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ឃើញថា មានការដកស្រង់នូវការថ្លែង របស់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ​ក្នុងនាមជាប្រធានប្តូរវេនរបស់អាស៊ាន ហើយដែលការថ្លែងនោះ តាមការដកស្រង់របស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ មានចំណុច៣ដែលគួរឱ្យចាប់អារម្មណ៍ ។ ចំណុចទី១ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានប្រកាសថា នឹងបន្តជំរុញសំណើរបស់លោក ឱ្យមានការឈប់បាញ់គ្នា រវាងប្រទេសទាំងពីរ។ ចំណុចទី២ គឺលោកបានគូសបញ្ជាក់ថា កម្ពុជា បានគាំទ្រនូវសំណើរបស់លោក ឱ្យមានការឈប់បាញ់គ្នានេះ ហើយលោកបានលើកឡើងថា ភាគីថៃ បានឯកភាពជាគោលការណ៍ ហើយចំណុចទី៣ លោកបានគូសបញ្ជាក់ថា បានណែនាំឱ្យរដ្ឋមន្ត្រី ការបរទេស របស់ម៉ាឡេស៊ី ធ្វើការសម្របសម្រល ជាមួយនឹងសមភាគី កម្ពុជានិងថៃ ដើម្បីសម្របសម្រួល ក្នុងការជំរុញសំណើរបស់លោក ឱ្យមានការឈប់បាញ់គ្នា ហើយបើចាំបាច់ លោកនាយករដ្ឋមន្ត្រី នឹងធ្វើការទំនាក់ទំនងដល់ភាគីទាំងពីរដោយផ្ទាល់ ។

ក្នុងនោះលោកអ្នកនាំពាក្យ បានគូសបញ្ជាក់ថា តាមការពិនិត្យទៅឃើញថា សំណើរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានលើកឡើងកាលពីថ្ងៃទី២៤ ជាមួយនឹងសម្តេចធិបតី នាយករដ្ឋមន្ត្រី គឺសម្តេចធិបតីបានឯកភាព ទៅតាមសំណើនោះរួចទៅហើយ ហើយចំណុចនេះគឺវាច្បាស់លាស់ណាស់ ដោយមានការកត់ត្រា នៅក្នុងរបាយការណ៍ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ហើយដែលបានចាក់ផ្សាយ ដល់សមាជិករបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ មុនកិច្ចប្រជុំបន្ទាន់ទៀតផង ។

លោក ជុំ សុន្ទរី មានប្រសាសន៍ថា “ដូចនេះ នេះក៏ជាព័ត៌មានល្អទី២ សម្រាប់កម្ពុជាផងដែរ ហើយដែលបង្ហាញយ៉ាងច្បាស់ថែមទៀត ពីការកើនឡើង ពីការគាំទ្ររបស់សហគមន៍អន្តរជាតិ ក្នុងនោះក៏មានការគាំទ្ររបស់ប្រធានបច្ចុប្បន្នរបស់អាស៊ាន ក្នុងការជំរុញឱ្យមានការឈប់បាញ់គ្នា រវាងប្រទេសទាំងពីរ ហើយធ្វើការដោះស្រាយជម្លោះដោយកិច្ចសន្ទនារ និងក្រោមការទូត”៕

To Top