ព័ត៌មានជាតិ

កម្ពុជា ប្រកាន់ខ្ចាប់យ៉ាងម៉ឺងម៉ាត់ នូវការបញ្ជៀសគោល​ដៅជនស៊ីវិល ស្រប់តាមកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាទីក្រុងហ្សឺណែល និងច្បាប់មនុស្សធម៌អន្តរជាតិ

ភ្នំពេញ៖ ឆ្លើយតបនឹងការចោទប្រកាន់ពីសំណាក់ ក្រសួងការបរទេសថៃ ដោយគ្មានមូលដ្ឋាន ថាកម្ពុជា តម្រង់គោលដៅលើជនស៊ីវិលនោះ ត្រូវបានលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជា បានប្រកាន់យ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ ក្នុងការបញ្ជៀសគោលដៅ ជនស៊ីវិល ស្រប់តាមកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាទីក្រុងហ្សឺណែល និងច្បាប់មនុស្សធម៌អន្តរជាតិ ។

ការលើកឡើងរបស់ លោកអ្នកនាំពាក្យខាងលើនេះ ធ្វើឡើងបន្ទាប់ពីប្រព័ន្ធឃោសនាថៃ បានផ្សព្វផ្សាយដោយចោទប្រកាន់កម្ពុជា តាមរយៈក្រសួងការបរទេសថៃថា កម្ពុជា បានរំលោភច្បាប់មនុស្សធម៌អន្តរជាតិ ។

ក្នុងសន្នីសីទស្តីពី «បច្ចុប្បន្នភាពនៃការឈ្លានពាន របស់កងទ័ពថៃមកលើទឹកដីកម្ពុជា» នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ជុំ សុន្ទរី បានគូសរំលឹកថា ប្រព័ន្ធឃោសនារបស់ថៃ បានផ្សាយកាលពីថ្ងៃទី២៦ ខែកក្កដា ម្សិលមិញនេះ ដោយបានលើកឡើងថា ក្រសួងការបរទេសថៃ បានប្រកាសថា ថៃ កំពុងតែត្រៀមរៀបចំ ដើម្បីធ្វើការប្តឹងតវ៉ា ទៅគណៈកម្មាការអន្តរជាតិនៃកាក់កាទក្រហម និងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដោយចោទប្រកាន់កម្ពុជាថា បានរំលោភច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេស គឺចោទដោយគ្មានមូលដ្ឋានសំអាងថា កម្ពុជា បានវាយប្រហារទៅ លើជនស៊ីវិល និងមន្ទីរពេទ្យ ។

ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ លោក ជុំ សុន្ទរី សូមប្រកាសបដិសេធដោយដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន របស់ក្រសួងការបរទេសថៃ ដូចដែលបានលើកឡើងខាងលើនេះ ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស មានប្រសាសន៍ថា “ការអះអាងរបស់ប្រទេសថៃ ដែលថា កងកម្លាំងកម្ពុជា បើកការវាយប្រហារ ដោយមិនរើសមុខលើជនស៊ីវិល និងទីតាំងសាធារណៈ គឺជាការបំភ្លៃ ការពិតដោយចេតនារបស់ភាគីថៃ ហើយចំពោះការចោទប្រកាន់ថា កម្ពុជា តម្រង់គោលដៅលើជនស៊ីវិល ខ្ញុំសូមគូសបញ្ជាក់ថា កម្ពុជា បានប្រកាន់យ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ក្នុងការបញ្ជៀសគោលដៅជនស៊ីវិល ស្រប់តាមកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាទីក្រុងហ្សឺណែល និងច្បាប់មនុស្សធម៌អន្តរជាតិ” ៕

To Top