ព័ត៌មានជាតិ

ស៊ីម៉ាក់កម្ពុជា ៖ ប្រាសាទព្រះវិហារ ត្រូវបានទាហាន ឈ្លានពានសៀម ប្រើគ្រាប់បែក MK-82 ក្នុងគោលដៅកម្ទេច ប្រាសាទព្រះវិហារ

ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឱ្យដឹងថា ប្រាសាទព្រះវិហារ ត្រូវបានទាហានឈ្លានពានសៀម ប្រើប្រាស់ការទម្លាក់គ្រាប់បែក MK-82 រួមនឹងគ្រាប់ផ្លោងគ្រប់ប្រភេទ ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោកមួយនេះ។

តាមរយៈបណ្ដាញសង្គម នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ លោក ហេង រតនា បានគូសបញ្ជាក់ថា «ប្រាសាទព្រះវិហារ ត្រូវបានទាហានឈ្លានពានសៀម ប្រើប្រាស់ការទម្លាក់គ្រាប់បែកMK-82 (ទម្ងន់ប្រមាណ ២៣០គីឡូក្រាម) ជាច្រើនគ្រាប់ រួមនឹងគ្រាប់ផ្លោងគ្រប់ប្រភេទ ជាពិសេសគ្រាប់ផ្លោង ១៥៥មីល្លីម៉ែត្រ ជាមួយគ្រាប់បែកចង្កោម ក្នុងគោលដៅកម្ទេច ប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោកមួយនេះ»។

លោក បន្ដថា ក្នុងស្មារតីការពារបូរណភាពទឹកដី និងប្រាសាទព្រះវិហារកេរ្តិ៍មរតកដូនតាខ្មែរ កងកម្លាំងប្រដាប់អាវុធដ៍អង់អាចក្លាហាន របស់កម្ពុជាបានវាយបកប្រយុទ្ធតតាំង ជាមួយខ្មាំងឈ្លានពាន ប្រកបដោយជោគជ័យ ។

លោក បន្ថែមថា រយៈពេលជាង ៥០ឆ្នាំ មកហើយពោលគឺចាប់ខែឧសភា ឆ្នាំ១៩៧៥ ដែលគ្រាប់បែកMK-82 បានបាត់សំឡេងផ្ទុះទឹកដី នៃមាតុភូមិនេះ! ក្នុងអតីតៈសង្គ្រាមនោះ គ្មានគ្រាប់បែកMK-82 ត្រូវបានទម្លាក់នៅប្រាសាទ ព្រះវិហារនោះទេ។

លោក បន្ថែមថា ប្រាសាទវិហារជា ទីតាំងដ៍សក្តិសិទ្ធបំផុត សូម្បីតែអតីតៈព្រះមហាក្សត្រសៀមឡេីង សោយរាជ្យក៏យកទឹកមន្ត ពីប្រាសាទព្រះវិហារដេីម្បីប្រោះព្រំរិទ្ធីអំណាចផងដែរ ។ ដូចនេះរដ្ឋណាឬអ្នកណាបំផ្លាញប្រាសាទព្រះវិហារ នឹងទទួលនូវផលកម្មវិនាស ហិនហោចវិញមិនខានឡើយ៕

To Top