ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ស សុខា អំពាវនាវជនរួមជាតិប្រយ័ត្នចំពោះទង្វើនាំឱ្យប៉ះពាល់សន្តិសុខជាតិ

ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអំពាវនាវឲ្យជនរួមជាតិ ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចំពោះទង្វើនាំឱ្យប៉ះពាល់សន្តិសុខជាតិ ក្នុងស្ថានភាពកងកម្លាំងរបស់ជាតិ កំពុងវាយប្រយុទ្ធទប់ស្កាត់អំពើឈ្លានពានដ៏ព្រៃផ្សៃបង្កឡើងដោយប្រទេសថៃតាមខ្សែបន្ទាត់ព្រំដែន ។

អភិសន្តិបណ្ឌិតបន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានប្រជាពលរដ្ឋមួយចំនួនតូចហើយ បានចាញ់ឧបាយកលអូសទាញដ៏ស្មោគគ្រោគរបស់ថៃឱ្យធ្វើជាជនបង្កប់ ដោយបំពាក់ប្រព័ន្ធតាមដានទីតាំង (GPS ) លួចថតរូប និងផ្ដល់ព័ត៌មានអំពីសកម្មភាពកងទ័ព ជាពិសេសទីតាំងឈរជើងក្នុងសមរភូមិ ហើយទីបំផុតត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងរកឃើញភស្តុតាងជាក់ស្ដែង។

ឧបនាយករដ្ឋមន្រ្តីបន្ថែមថា “ខ្ញុំសូមបញ្ជាក់ជូនថា ទង្វើដូចបានរៀបរាប់ខាងលើនេះ ឬទោះតាមវិធីសាស្រ្តណាក៏ដោយ ឱ្យតែប៉ះពាល់ដល់សន្តិសុខជាតិ ប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងសុវត្ថិភាពប្រជាជន មិនថាក្នុងកាលៈទេសៈនេះ ឬទោះក្នុងស្ថានភាពណាក៏ដោយ ព្រះរាជាណាចក្រកម្ពុជារបស់យើង មានច្បាប់ព្រហ្មទណ្ឌ បានចែងអំពីទោសបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរបំផុត ជាពិសេសប្រឈមនឹងការដកសញ្ជាតិដោយគ្មានការលើកលែង” ។

ជាមួយគ្នានេះ រដ្ឋមន្រ្តីបានបង្ហាញ ការសោកស្ដាយដែលក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានប្រជាពលរដ្ឋមួយចំនួនបានចាញ់ឧបាយកលអូសទាញដ៏ស្មោគគ្រោគរបស់ថៃ ឱ្យធ្វើជាជនបង្កប់ ដោយបំពាក់ប្រព័ន្ធតាមដានទីតាំង (GPS ) លួចថតរូប និងផ្ដល់ព័ត៌មានអំពីសកម្មភាពកងទ័ព ជាពិសេសទីតាំងឈរជើងក្នុងសមរភូមិ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ ហើយទីបំផុតត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងរកឃើញភស្តុតាងជាក់ស្ដែង៕

To Top