ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ពីអត្ថប្រយោជន៍ចម្បងនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែង ហើយការធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះ ជាផ្នែកមួយនៃការពង្រឹងសមត្ថភាពខ្លួនឯង តាមរយៈការមានប្រព័ន្ធទិន្នន័យជាក់លាក់បន្ថែមទៀត ដែលត្រូវធ្វើវឌ្ឍនភាពជាប្រចាំ។
ក្នុងពិធីប្រកាសបើកយុទ្ធនាការ «ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ» នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា «ការធ្វើជំរឿននេះ មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដែលជាមូលដ្ឋានគ្រឹះបម្រើដល់ការងារគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យមុខងារសាធារណៈ និងជាសមាសធាតុដ៏សំខាន់មួយនៃការកែទម្រង់រដ្ឋបាលសាធារណៈ ដោយទិន្នន័យនៃជំរឿន នឹងជួយរាជរដ្ឋាភិបាល ក្នុងការវាយតម្លៃមូលធនមនុស្ស នៅតាមក្រសួង ស្ថាប័ន អង្គភាពនីមួយៗ»។
លោក ឧបនាយករដ្ឋមន្ត្រី បន្ដថា ការធ្វើជំរឿនមន្ត្រីរាជការ គឺជាការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយពិនិត្យផ្ទៀងផ្ទាត់វត្តមានមន្ត្រីជាក់ស្តែង នៅតាមអង្គភាពនីមួយៗ ក្នុងគោលដៅ ដើម្បីរៀបផែនការពង្រឹងសមត្ថភាព, ការពង្រាយមន្ត្រីឱ្យបម្រើការងារចំគោលដៅ ស្របតាមគុណវុឌ្ឍិ ចូលរួមគាំទ្រដល់ការធានាឱ្យបានថា មន្ត្រីដែលសកម្មនឹងទទួលបានការលើកទឹកចិត្ត, ការទទួលស្គាល់ស្នាដៃ, ផលិតភាព និងសមិទ្ធកម្មការងារ។
លោក ឧបនាយករដ្ឋមន្ត្រី បន្ថែមថា តាមរយៈជំរឿនមន្ត្រីរាជការនៅពេលនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងអាចវាយតម្លៃមូលធនមនុស្សរបស់កម្ពុជា ដែលជាមូលដ្ឋានក្នុងការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍមូលធនមនុស្ស តាមរយៈផែនការពង្រឹងសមត្ថភាពមន្ត្រី ព្រមទាំងការរៀបចំពង្រាយមន្ត្រីឱ្យចំគោលដៅស្របតាមគុណវុឌ្ឍិរបស់មន្ត្រី និងការគិតគូរចំពោះមន្ត្រីដែលសកម្មការងារ តាមរយៈប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម ឬផលិតភាពការងារ៕

