ព័ត៌មានជាតិ

ប្រឡងបាក់ឌុប ថ្ងៃ២៨ សីហា ក្រសួងអប់រំ នៅតែបន្តអនុវត្តតាមយន្តការដូចឆ្នាំកន្លងមក «អ្នកចេះ គឺជាប់»

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងឱ្យដឹងថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖  ២៨ សីហា ២០២៥ ក្រសួង នៅតែបន្តអនុវត្តតាមយន្តការដូចឆ្នាំកន្លងមក «អ្នកចេះ គឺជាប់»។

ក្នុងពិធីបើកសិក្ខាសាលាស្តីពី តួនាទី និងភារកិច្ចគណៈកម្មការអប្បមាទ និងជំនួយការអប្បមាទទូទាំងប្រទេស ដើម្បីធានាឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ប្រព្រឹត្តទៅដោយរលូន នៅថ្ងៃទី២៩ កក្កដា នេះ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងពីភាពចាំបាច់ក្នុងការធានាគុណភាព និងប្រសិទ្ធភាពនៃការប្រឡងនានា ជាពិសេសការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលជាគន្លឹះសំខាន់ដើម្បីពង្រឹងគុណភាពអប់រំ ជាពិសេសជួយគាំទ្រដល់ការធ្វើកំណែទម្រង់តាមសាលារៀនឱ្យកាន់តែមានប្រសិទ្ធភាព ដូច្នេះត្រូវរៀបចំយន្តការប្រឡងនេះឱ្យបានល្អប្រសើរដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡងគឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះគឺជាប់”។

លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ក្រសួងនៅតែបន្តអនុវត្តតាមយន្តការដូចឆ្នាំកន្លងមក ដោយបានដាក់ចេញគោលការណ៍ បទប្បញ្ញត្តិ កម្រិតវិន័យ និងសេចក្តីណែនាំផ្សេងៗពាក់ព័ន្ធនឹងការប្រឡង ព្រមទាំងរៀបចំយន្តការ និងនីតិវិធីគ្រប់គ្រងដំណើរការប្រឡង នៅគ្រប់ដំណាក់កាល ក្នុងនោះ យន្តការចូលរួមរបស់ជំនួយការអប្បមាទទូទាំងប្រទេសនៅតែប្រើដដែល»។ 

លោកឧបនាយករដ្ឋមន្ត្រី សង្ឃឹមជឿជាក់ថា បុគ្គលិកអប់រំ និងក្មួយៗជាគរុសិស្ស គរុនិស្សិត ដែលចូលរួមនាថ្ងៃនេះ និងត្រូវចូលរួមជាជំនួយការអប្បមាទទូទាំងប្រទេសសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នឹងយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី ពេលវេលាចូលរួមសិក្ខាសាលានេះឱ្យបានជាប់ ដើម្បីស្វែងយល់ឱ្យបានច្បាស់អំពីតួនាទី ភារកិច្ច និងកម្រិតវិន័យរបស់គណៈកម្មការអប្បមាទទូទាំងប្រទេស និងជំនួយការអប្បមាទទូទាំងប្រទេស ជាពិសេសចូលរួមឱ្យអស់ពីសមត្ថភាព លទ្ធភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់៕

To Top