ភ្នំពេញ៖លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអមដំណើរ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ អញ្ជើញ គោរព វិញ្ញាណក្ខន្ធ សពលោកអនុសេនីយ៍ឯក លៀម សំពៅមាស មន្ត្រីនគរបាល នៃវរសេនាតូច នគរបាលការពារព្រំដែន៧៩៣ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ និងសព លោក អនុសេនីយ៍ ឯក ពោ វៃ យោធិន នៃកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ កងទ័ព ជេីងគោក នៃកងយោធពលខេមរភូមិន្ទ ដែលបានទទួល មរណភាព ក្នុង បុព្វហេតុការពារជាតិ ការពារទឹកដីកម្ពុជា ពីការឈ្លានពានដោយកងទ័ពថៃ ។

ក្នុងនោះលោក ឃួង ស្រេង ចាត់ទុកមរណៈភាពរបស់អ្នកទាំងពីរ គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ឪពុកក្មេក និងជីតា ដែលប្រកប ដោយព្រហ្មវិហារធម៌ ជាទីគោរពស្រលាញ់បំផុតដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗ ដល់កូន ក្មួយ និងចៅៗ ឱ្យក្លាយទៅជាធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយគុណធម៌ នៅក្នុងសង្គមជាតិ ជាពិសេសគឺបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុងឧត្តម ដែលបានរួមចំណែក យ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូជាមួយកងទ័ពសៀម ដែលធ្វើការឈ្លានពាន មកលើដែនអធិបតេយ្យភាពកម្ពុជាយើង។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោក ឃួង ស្រេង ក៏បានចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារនៃសព និងសូមបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃតាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធអ្នកទាំងពីរ បានទៅសោយសុខ ក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕




