ព័ត៌មានជាតិ

រដ្ឋបាលរាជធានី បន្តនាំយកអំណោយ បានពីសប្បុរសជន ជូនវីរកងទ័ពជួរមុខ, កងនគរបាលការពារព្រំដែនគោក និងពលរដ្ឋភៀសសឹក ខេត្ដព្រះវិហារ

ព្រះវិហារ៖ លោក ហ៊ុន សុរិទ្ឋី អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បាននាំយកអំណោយ ជាគ្រឿង ឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើនមុខ របស់រដ្ឋបាលរាជធានីភ្នំពេញ ទៅប្រគល់ជូនរដ្ឋបាល ខេត្តព្រះវិហារ និងវីរកងទ័ពជួរមុខ វរៈនគរបាលការពារព្រំដែនគោកលេខ៧៩៣ ទិសព្រះវិហារ ដែលកំពុងឈរជើងដ៏អង់អាចក្លាហាន ការពារបូរណៈភាពទឹកដី ពីការឈ្លានពានរបស់ខ្មាំងសត្រូវ។

អំណោយដែលបានប្រគល់ជូន មានធុងហ្គាសធំ ចំនូន៧០ធុង ប្រគល់ជូនដល់រដ្ឋបាលខេត្តព្រះវិហារ តាមរយៈលោក គឹម ចាន់បញ្ញា អភិបាលរងខេត្ត តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ប្រគល់ជូនដល់វរនគរបាលការពារព្រំដែនគោក លេខ៧៩៣ ខេត្តព្រះវិហារ ទទួលដោយលោក វរសេនីយ៍ឯក ឃួន ប៊ុនធឿន មេបញ្ជាការវរៈនគរបាលការពារព្រំដែនលេខ ៧៩៣ ជូនកងពលតូចអន្តរាគមន៍លេខ៩ តាមរយៈលោកវរសេនីយ៍ឯក អួង សុវណ្ណា មេបញ្ជាការរង កងពលតូចអន្តរាគមន័លេខ៩។

លោក ហ៊ុន សុរិទ្ឋី បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះនគរបាលការពារព្រំដែន លេខ៧៩៣ដែលមានទឹកចិត្តដ៏អង់អាចក្លាហានរបស់បងប្អូន វីរៈកងទ័ពជួរមុខដែលបានពុះពារលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ ពីការឈ្លានពានរបស់ខ្មាំងសត្រូវ។

បន្ថែមពីនេះ លោក ហ៊ុន សុរិទ្ឋី ក៏បាននាំទៅនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ លោក ឃួង ស្រេង ជូនពរដល់បងប្អូនវីរៈកងទ័ពជួរមុខ និងកងនគរបាលដែលកំពុងឈរជើងនៅជួរមុខទាំងអស់ សូមសុខសប្បាយ សុខភាពល្អ និងទទួលបានជ័យជម្នះលើខ្មាំងសត្រូវ។

លោក ហ៊ុន សុរិទ្ឋី បានបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើននេះ ដែលរដ្ឋបាលរាជធានីភ្នំពេញ នាំយកមកផ្ដល់ជូនខាងលើ គឺបានពីសប្បុរសជននានា និងប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ដែលបានចែករំលែកធនធាន ជាមួយរដ្ឋបាល រាជធានីភ្នំពេញ ចូលរួមក្នុងការផ្សារភ្ជាប់ រវាងសមរភូមិក្រោយ និងសមរភូមិមុខឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលកំពុងជម្លៀស ចេញ ពីផ្ទះសម្បែងមកស្នាក់នៅទីកន្លែងសុវត្ថិភាព ។

នៅក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក អួង សុវណ្ណា មេបញ្ជាការរង កងពលតូចអន្តរាគមន័លេខ៩ តំណាងថ្នាក់ដឹកនាំខេត្តព្រះវិហារ និងតំណាងឱ្យវីរៈកងទ័ពនៅជួរមុខទិសព្រះវិហារទាំអស់ ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ លោក ឃួង ស្រេង ដែលតែងបានចាត់តំណាងនាំយកអំណោយពីរដ្ឋបាលរាជធានីភ្នំពេញ មកផ្តល់ជូនប្រជាពលរដ្ឋភៀសសឹក និងជូនដល់បងប្អូនវីរៈកងទ័ព ដែលកំពុងឈរជើង ការពារបូរណភាពទឹកដី ដែលនេះ សបញ្ជាក់ឲ្យឃើញថា សមរភូមិក្រោយនិងសមរភូមិមុខ គឺរួមចិត្តតែមួយ ហើយបងប្អូនវីរៈ កងទ័ពទាំងអស់ ប្តេជ្ញាការពារអធិបតេយ្យភាពជាតិរបស់យើង មិនឱ្យខ្មាំងចូលឈ្លានពានជាដាច់ខាត៕

To Top