សហគមន៍ខ្មែរនៅកូរ៉េ ជប៉ុន និងម៉ាឡេស៊ី ប្រមាណ ៥០០នាក់ដែលមានក្មេង ចាស់ ប្រុស ស្រី នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នា សម្តែងមតិថ្លែងអំណរគុណ លោកប្រធានាធិបតីអាម៉េរិក ដែលបានជួយឱ្យមានបទឈប់បាញ់គ្នា រវាងកងទ័ពកម្ពុជា និងថៃក្រោយការឈ្លានពាន ពីប្រទេសថៃមកលើកម្ពុជា។

ក្នុងដៃកាត់បដា និងមេក្រូស្រែក ក្រុមអ្នកប្រមូលផ្តុំបានស្រែកថា “ថ្លែងអំណរគុណ លោកប្រធានាធិបតី ដូណាល់ត្រាំ ដែលបានជួយឱ្យមានបទឈប់បាញ់ និងសន្តិភាពនៅកម្ពុជា!” ។ ការជួបជុំរបស់សហគមន៍ខ្មែរនេះ ធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រទេសជប៉ុន និងប្រទេសម៉ាឡេស៊ី ដើម្បីថ្លែងអំណរគុណ ដល់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ ដែលបានគាំទ្រឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ក្រោយយោធាកម្ពុជា រងការវាយប្រហារដោយយោធាថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យបាត់បង់ជីវិតមនុស្សរាប់សិបនាក់ និងខូចខាតទ្រព្យសម្បត្តិជាច្រើន ។

ក្រុមអ្នកប្រមូលផ្តុំបានស្រែកដូចគ្នាថា បទឈប់បាញ់នេះ បានជួយសង្គ្រោះជីវិតមនុស្សពីសេចក្តីស្លាប់ ដោយសារគ្រាប់កាំភ្លើង ដែលជាមហន្តរាយដែលពលរដ្ឋខ្មែរ មិនចង់ឃើញនោះឡើយ។

គួររំលឹកថាក្នុងពេលប្រមូលផ្តុំ ក្រុមសហគមន៍ខ្មែរទាំងបីប្រទេស បានច្រៀងបទនគររាជ និងបទពង្សាវតារខ្មែរ និងបទគន់មើលទៅមេឃ រួមទាំងរំលឹកគុណដល់វីរៈកងទ័ពទាំងអស់ដែលបានពលីក្នុងសមរភូមិប្រឆាំងការឈ្លានពាន។

សូមបញ្ជាក់ថា ដើម្បីប្រឆាំងការឈ្លានពានពីយោធាថៃ មកលើអធិបតីភាពរបស់កម្ពុជា ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសរាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នា ចេញធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការឈ្លានពានរបស់ថៃដែលបានសម្លាប់ជីវិតពលរដ្ឋស្លូតត្រង់ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និងប្រាង្គប្រាសាទខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមទាំងបង្កើតឱ្យមានជនភៀសសឹករាប់សិបម៉ឺននាក់៕






